រាជធានីភ្នំពេញ៖ បុរស២នាក់ជិះម៉ូតូឌុបគ្នាមកផឹកកាហ្វេ អកុសលត្រូវបានរថយន្តធុនត្រាមួយគ្រឿង មិនចាំស្លាកលេខ បុកស្លាប់ម្នាក់យ៉ាងរន្ធត់ទាំងព្រឹក និងម្នាក់ទៀតរងរបួសស្រាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥ និង៤០នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ១អា ចំណុចជាប់ផ្សារព្រែកលៀប ក្នុងភូមិ៍ព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បើតាមសម្តីរបស់បុរសដែលរងរបួសស្រាល ក្នុងហេតុការណ៍ខាងលើ បានប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងថា គាត់មានឈ្មោះ សឹមភៀត អាយុ៤៥ឆ្នាំ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅនៅភូមិឬស្សី ឃុំបារាយណ៍ ស្រុកត្រាំង ខេត្តតាកែវ ។ ចំណែកបុរសដែលស្លាប់នេះ មានឈ្មោះ កែវ វណ្ឌី ភេទប្រុស អាយុ៤៨ឆ្នាំ មានស្រុកកំណើត នៅស្រុកត្រាំកក់ ខេត្តតាកែវ។
តាមសម្តីបុរសឈ្មោះ សឹម ភៀត ដែលជាអ្នកឌុបជនរងគ្រោះដែលស្លាប់នោះ បានរៀបរាប់ទាំងការតក់ស្លុតថា មុនពេលកើតហេតុ ពួកគាត់ទាំង២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1L-3623 ចេញពីកន្លែងធ្វើការ ជិះពីជើងមកត្បូងក្នុងល្បឿនមធ្យម ដើម្បីមកផឹកកាហ្វេនៅហាងមួយកន្លែងជិតផ្សារព្រែកលៀប លុះដល់ចំណុចកើតហេតុ គាត់ក៏បានបង្អង់ល្បឿនម៉ូតូឈប់ ដើម្បីចូលហាងទៅហើយ ស្រាប់តែមានរថយន្តធុនត្រាមួយគ្រឿង មិនចាំផ្លាកលេខ ស្របទិសគ្នាមកពីក្រោយបុកបណ្តាលឲ្យបុរសដែលជិះពីក្រោយគាត់នោះបែកក្បាលស្លាប់យ៉ាងរន្ធត់ ចំណែកគាត់រងរបួសស្រាល ហើយរថយន្តនោះក៏បើករត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី និងយកម៉ូតូទៅរក្សាទុក ថែមទាំងឆែកមើលកាមេរ៉ាសុវត្ថិភាពដើម្បីស្រាវជ្រាវរករថយន្តបង្កខាងលើ មកដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕