ខេត្តតាកែវ ៖ យោងតាមផេក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាល ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា បំបែកសំណុំរឿងឃាតកម្មកាប់សម្លាប់បុរសម្នាក់ នៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន
សំណុំរឿងឃាតកម្មកាប់សម្លាប់បុរសម្នាក់ ព្រោះទំនាក់ពាក្យសម្ដីនៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ចំណុចភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ត្រូវកម្លាំងនគរបាលជំនាញបំបែកបានហើយ ដោយឈានដល់ការចាប់ខ្លួនជនដៃដល់៣នាក់ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ចំណុចភូមិភ្នំតូច ឃុំសំភី ស្រុកបាទី។
ប្រតិបត្តិការនេះធ្វើឡើងដោយ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោយទទួលបានបទបញ្ជាពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ក្រោយទទួលបានបទបញ្ជា កម្លាំងជំនាញបានធ្វើការស្រាវជ្រាវរហូតដល់រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ទើបកំណត់បានទីតាំងលាក់ខ្លួន របស់ជនសង្ស័យទាំង៣នាក់ និងឈានទៅដល់ការឃាត់ខ្លួនបាននៅចំណុចវាលស្រែស្ថិតនៅភូមិភ្នំតូច ឃុំសំភី ស្រុកបាទី ខេត្តតាកែវ។
ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានចាប់ខ្លួននេះ ទី១៖ឈ្មោះ ម៉ង សម្បត្តិ អាយុ២១ឆ្នាំ, ទី២៖ឈ្មោះ ម៉ង សីហា អាយុ១៩ឆ្នំា (ត្រូវជាបងប្អូនបង្កើត) និងទី៣៖ឈ្មោះ ឌឹម ប្រុស ហៅរាជ អាយុ១៩ឆ្នាំ រស់នៅភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។ ដោយឡែក ជនរងគ្រោះឈ្មោះ មាំង ខែមរៈ អាយុ២៧ឆ្នាំ រងរបួសជាច្រើនកន្លែង និងដាច់កដៃខាងឆ្វេងបណ្ដាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុមុខផ្ទះជនរងគ្រោះ។
ជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ មាំង ខែមរៈ បណ្តាលឲ្យស្លាប់ប្រាកដមែន មូលហេតុដោយសារទំនាស់ពាក្យសំដីក្នុងពេលលេងបាល់ទះ។
សូមបញ្ជាក់ថា បើតាមសម្តីរបស់ ឪពុកម្ដាយរបស់ជនរងគ្រោះ បានបញ្ជាក់ប្រាប់ TVFB ឲ្យដឹងថា ជនរងគ្រោះជាក្មួយបង្កើតរបស់គាត់ ដែលត្រូវគេកាប់សម្លាប់ដល់ក្រោមផ្ទះនេះ មានឈ្មោះ មាំ ខែមរៈ ភេទប្រុស អាយុ២៧ឆ្នាំ ជាពោះម៉ាយ ធ្លាប់បួសជាសង្ឃ ស្នាក់នៅផ្ទះកើតហេតុខាងលើ ត្រូវបានជនដៃដល់២នាក់ បងប្អូនបង្កើត រស់នៅជាប់របងជាមួយគ្នា បានផ្លោះរបង ចូលមកកាប់ជនរងគ្រោះជាក្មួយរបស់គាត់ ដល់ខាងក្រោមផ្ទះ ខណៈដែលក្មួយរបស់គាត់កំពុងតែអង្គុយនៅលើគ្រែខាងក្រោមផ្ទះ។
ឪពុកមារបស់ជនរងគ្រោះ បានបញ្ជាក់ថា ក្មួយរបស់គាត់ ត្រូវបានឃាតករ ដែលប្រដាប់ដោយដាវស៊ាំម៉ូរ៉ៃ កាប់ចំជាច្រើនកន្លែង និងដាច់កដៃមួយចំហៀង ខ្ទាតចេញពីគ្នា កំបុតឆ្កុយ កញ្ចឹងក កាប់ដាច់មួយចំហៀង ក្បាលក៏កាប់ត្រូវ ស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ ហើយជនដៃដល់ទាំងនោះ បានរត់គេចខ្លួនបាត់ ដោយមានបក្ខពួកម្នាក់ផ្សេងទៀតជាអ្នកជិះម៉ូតូបិទគូទពីក្រោយ ។ បន្ទាប់ពីកើតហេតុភ្លាមៗ ក្រុមគ្រួសារជនរងគ្រោះ បានប្រញាប់រាយការណ៍ជូនកម្លាំងសមត្ថកិច្ចនគរបាលឃុំកុមារាជា ក៏ដូចជាកម្លាំងជំនាញការដ្ឋាននគរបាលស្រុកបាទី បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងបានធ្វើការពិនិត្យកោសល្យវិច័យទៅលើសពខាងលើ និងបើកការស្រាវជ្រាវឈានដល់ការចាប់ខ្លួនបានជនសង្ស័យទាំង២នាក់បងប្អូន និងបក្ខពួកម្នាក់ទៀត សរុប៣នាក់ តែម្តង។
ចំពោះជនសង្ស័យទាំងបីនាក់ខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធី៕