រាជធានីភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បើកបរក្នុងល្បឿនលឿន មកបុកពីក្រោយម៉ូតូពេញទំហឹង បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនិងកន្លែងកើតហេតុ និងបុរសម្នាក់ទៀតរងបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង០០នាទីល្ងាច ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពមានឈ្មោះ ចក់ កា ភេទស្រី ៤២ឆ្នាំ មុខរបរជាកម្មករសំណង់ សព្វថ្ងៃស្នាក់នៅក្រោយវត្តព្រៃស្ពឺ មានស្រុកកំណើត នៅខេត្តព្រៃវែង។ ចំណែកអ្នកបើកម៉ូតូដែលរងរបួសស្រាលមានឈ្មោះ អ៊ុត សុខផល ភេទប្រុស សព្វថ្ងៃរស់នៅភូមថ្មី១ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មាន ពីនាក់បើកបរម៉ូតូបានបញ្ជាក់ប្រាប់ការងារ TVFB បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើកបរម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសងសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BY-8009 ជិះគ្នាពីនាក់ ដោយគាត់ជាអ្នកឌុបស្រ្តីម្នាក់ ខាងលើធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ទិសដៅពីកើត ទៅ លិច ក្នុងល្បឿនល្មម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 5A-0687 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ទិសដៅពីកើតទៅលិចស្រប់ទិសគ្នា ក្នុងល្បឿនលឿនជ្រុលបុកពីក្រោយម៉ូតូពេញទំហឹង បណ្តាលឱ្យស្ត្រីម្នាក់បាក់ជើងបោកនិងថ្នល់ស្លាប់ភ្លាមៗ និងបុរសម្នាក់ទៀតរងបួសស្រាល ចំណែកឯ ម៉ូតូវិញរងការខូចខាតយ៉ាងដំណំតែម្តង។ ភ្លាមៗនោះ តៃកុងរថយន្តបង្ក ក៏បន្តបើកទៅមុខទៀតចម្ងាយជាង២០០ម៉ែត្រ តែត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើការឃាត់ខ្លួនបានយកមកប៉ុស្តិ៍នគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរនាំបន្ត។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងហេតុ រួចធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោគ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយកម៉ូតូរងគ្រោះ និងរថយន្តបង្កយកទៅក្សាទុក រងចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកឯ សាកសពសមត្ថកិច្ចបានធ្វេីកំណត់ហេតុរួចរាល់ ក៏ប្រគល់សពឱ្យទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕ មេសា