អន្តរជាតិ៖ សមយុទ្ធនេះកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីទីក្រុងមូស្គូ បានអះអាងថា ខ្លួនបានបាញ់ព្រមានទៅលើនាវាចម្បាំងអង់គ្លេសនៅលើសមុទ្រខ្មៅ។ សារព័ត៌មាន Aljazeera បានចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះថា យោធារុស្ស៊ី បានបើកការធ្វើសមយុទ្ធ នៅសមុទ្រមេឌីទែរ៉ាណេ ដែលបង្ហាញពីយន្តហោះចម្បាំងដែលមានសមត្ថភាពផ្ទុកមីស៊ីល ជាការបង្ហាញកម្លាំងចំពេលមានភាពតានតឹងកើនឡើង បន្ទាប់ពីមានបាញ់ព្រមាននិងទម្លាក់គ្រាប់បែកលើនាវាពិឃាតអង់គ្លេសនៅសមុទ្រខ្មៅ។
ទីក្រុងមូស្គូបាននិយាយថា នាវាចម្បាំងរបស់ខ្លួនបានបាញ់ព្រមាននិងយន្តហោះចម្បាំងបានទម្លាក់គ្រាប់បែក នៅលើនាវាពិឃាតអង់គ្លេសកាលពីថ្ងៃពុធ ដើម្បីបង្ខំនាវានោះចេញពីតំបន់ក្បែរតំបន់គ្រីមៀ ដែលប្រទេសរុស្ស៊ីអះអាងថា ជាដែនទឹករបស់ខ្លួន។ អង់គ្លេសបានបដិសេធ ដោយទទូចថា នាវារបស់ខ្លួនមិនត្រូវបានបណ្តេញចេញនោះទេ ហើយបាននិយាយថា នាវារបស់ខ្លួនកំពុងបើកនៅក្នុងដែនទឹករបស់អ៊ុយក្រែន។
សមយុទ្ធរុស្ស៊ី ដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រ នៅសមុទ្រមេឌីទែរ៉ាណេ កើតឡើងនៅពេលនាវាចម្បាំងរបស់រុស្ស៊ី បានវាយប្រហារលើនាវាអង់គ្លេសស្ថិតនៅក្នុងតំបន់នោះ។ កាលពីដើមសប្តាហ៍នេះ យន្តហោះប្រយុទ្ធF-35 របស់អង់គ្លេស និងអាមេរិកមកពី HMS Queen Elizabeth បានហោះតម្រង់ជួរប្រយុទ្ធប្រឆាំងនឹងក្រុមISIL(ISIS)។
ប្រទេសរុស្ស៊ី បានធ្វើយុទ្ធនាការយោធានៅក្នុងប្រទេសស៊ីរី ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១៥ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលរបស់ប្រធានាធិបតី លោក បាសាអាល់ អាសាដ ដណ្តើមកាន់កាប់ប្រទេសភាគច្រើនឡើងវិញបន្ទាប់ពីមានសង្គ្រាមស៊ីវិលដ៏សាហាវ។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា យន្ដហោះចម្បាំងប្រភេទMiG-31 ចំនួន ២ គ្រឿង ដែលមានសមត្ថភាពអាចផ្ទុកមីស៊ីលKinzhal បានទៅដល់មូលដ្ឋានទ័ពអាកាសរុស្ស៊ីនៅប្រទេសស៊ីរី ដើម្បីធ្វើសមយុទ្ធ។
ក្នុងពេលជាមួយគ្នានេះដែរ ប្រទេសរុស្ស៊ី បានព្រមានអង់គ្លេសនិងសហរដ្ឋអាមេរិក នៅថ្ងៃសុក្រប្រឆាំងនឹង «កុំឲ្យដើរហួសព្រំដែន»ដោយបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រខ្មៅ ហើយបាននិយាយថា ខ្លួននឹងការពារព្រំដែនរបស់ខ្លួនដោយប្រើគ្រប់មធ្យោបាយដែលអាចធ្វើបាន រួមទាំងកម្លាំងយោធា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋ ក្រសួងការពារជាតិ បាននិយាយថា វាជាការផ្តល់យោបល់មិនល្អសម្រាប់នាវាអង់គ្លេសនិងអាមេរិកឱ្យទៅក្បែរឆ្នេរគ្រីមៀ។
អ្នកនាំពាក្យក្រសួងបាននិយាយថា«យើងអំពាវនាវដល់មន្ទីរប៉ង់តាហ្គោននិងកងនាវាចរអង់គ្លេស ដែលកំពុងបញ្ជូននាវាចម្បាំងរបស់ពួកគេចូលទៅក្នុងសមុទ្រខ្មៅ កុំឲ្យ«ដើរហួសព្រំដែន»។
គួរបញ្ជាក់ថា ទីក្រុងមូស្គូបានព្រមានអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងទម្លាក់គ្រាប់បែក លើនាវាកងទ័ពជើងទឹកអង់គ្លេសនៅក្នុងសមុទ្រខ្មៅ ប្រសិនបើអ្វីដែលគេហៅថា សកម្មភាពបង្កហេតុដោយកងទ័ពជើងទឹកអង់គ្លេស ត្រូវបានធ្វើឡើងម្តងទៀតនៅឆ្នេរសមុទ្រគ្រីមៀ៕
ប្រភព៖ Aljazeera ប្រែសម្រួល៖ នង ណារិន