អន្តរជាតិ៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីបាននិយាយនៅថ្ងៃអាទិត្យនេះថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់និងការបាក់ដី បង្កឡើងដោយភ្លៀងមូសុងខ្លាំងនៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់១៥៩នាក់ ដោយក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកមនុស្សរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន។
ឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសនេះត្រូវបានជន់លិចដោយសារភ្លៀងខ្លាំងចាប់តាំងពីថ្ងៃព្រហស្បតិ៍ ដោយនាយកដ្ឋានឧតុនិយមឥណ្ឌា បានព្រមានពីការធ្លាក់ភ្លៀងបន្ថែមទៀតក្នុងរយៈពេលពីរបីថ្ងៃខាងមុខ។
ទឹកជំនន់និងការបាក់ដីគឺជារឿងទូទៅនៅរដូវមូសុងដ៏គ្រោះថ្នាក់របស់ប្រទេសឥណ្ឌា ដែលជារឿយៗគេសង្កេតឃើញអគារដែលសាងសង់មិនសូវល្អមានការបាក់ស្រុត បន្ទាប់ពីមានភ្លៀងធ្លាក់មិនឈប់ប៉ុន្មានថ្ងៃ។
ក្រុមអ្នកជំនាញនិយាយថា ការផ្លាស់ប្តូរអាកាសធាតុ បានបណ្តាលឱ្យទឹកជំនន់ប្រចាំឆ្នាំកើនឡើងជាញឹកញាប់។
នៅរដ្ឋ Maharashtra មនុស្ស ១៤៩ នាក់ត្រូវបានស្លាប់ រួមទាំងមនុស្សជាង ៤០ នាក់នៅក្នុងការរអិលបាក់ដីដ៏ធំមួយ ដែលបានវាយប្រហារ ភាគអាគ្នេយ៍នៃទីក្រុងបុមបៃកាលពីថ្ងៃព្រហស្បតិ៍។
លោក Uddhav Thackeray នាយករដ្ឋមន្រ្តីរដ្ឋMaharashtra បានប្រាប់អ្នកយកព័ត៌មានថា« ជំនន់ទឹកភ្លៀងមិនមែនជារឿងថ្មីសម្រាប់ប្រជាជននៅទីនេះនោះទេ ប៉ុន្តែអ្វីដែលបានកើតឡើងនៅពេលនេះគឺមិនអាចនឹកស្មានដល់បានទេ ហើយពួកគេក៏មិនអាចរក្សាទ្រព្យសម្បត្តិរបស់ពួកគេបានដែរ ដោយសារតែការកើនឡើងនៃទឹកជំនន់យ៉ាងលឿន»។
ប្រជាជនប្រហែល ២៣ ម៉ឺននាក់ ត្រូវបានជម្លៀសចេញនៅទូទាំងរដ្ឋចំពេលមានស្ថានភាពធ្ងន់ធ្ងរ។ ក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើការនៅក្នុងភក់ជ្រៅៗ ដើម្បីស្វែងរកមនុស្ស១០០ នាក់ ដែលនៅតែបាត់ខ្លួន៕
ប្រភព៖ Channel News Asia ប្រែសម្រួល៖ នង ណារិន