នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ចេញសារអំពាវនាវបន្ទាន់ ដល់ប្រជាពលរដ្ឋមានការប៉ះពាល់មនុស្សច្រើន ទៅធ្វើតេស្តរកវីរុស កូវីដ-១៩ ប្រសិនរោគសញ្ញា គ្រុនក្តៅ ក្អក..
រាជធានីភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាថ្ថៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលប៉ះពាល់មនុស្សច្រើន មានហានិភ័យខ្ពស់ ដែលប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩។
ជាមួយគ្នានោះ ប្រសិនបើប្រជាពលរដ្ឋទាំងនោះ ជាបុគ្គលិកសុខាភិបាល គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ នគរបាលយុត្តិធម៌ បុគ្គលិកអនាម័យ និងអ្នកបើកតាក់ស៊ី ដែលជាជួរមុខ ហើយប៉ះពាល់ជាមួយសាធារណជនច្រើន ព្រមទាំងកំពុងរស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល មានរោគសញ្ញាដូចជា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀសំបោរ ហត់ ឬពិបាកដកដង្ហើម នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានអំពាវនាវឲ្យទៅធ្វើតេស្តវីរុសកូវីដ-១៩ ឲ្យបានឆាប់កាន់តែអាចធ្វើទៅបាន។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានណែនាំឲ្យអ្នកទាំងនោះ ទៅធ្វើតេស្តនៅមណ្ឌលសុខភាពចាក់អង្រែ ឬមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ឬនៅមន្ទីរពេទ្យបង្អែកដោយឥតគិតថ្លៃ៕