ភ្នំពេញ៖ យុវជនម្នាក់ បានស្លាប់យ៉ាងរន្ធត់ ខណៈជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុកគូទរថយន្តសណ្តោងរម៉កមួយគ្រឿងដែលចតនៅចិញ្ចើមផ្លូវ បោកក្បាលស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ៦ និង៥០នាទី យប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នៅចំណុចលើផ្លូវលេខ១០៤ ក្នុងភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ខែម រ៉ាវីត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិក្បាលសេះ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1AA-9158ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ
បានជ្រុលទៅបុកផ្ទប់គូទរថយន្តម៉ាករថយន្ត NISSAN DIESEL ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-7802 ចំពីក្រោយដែលកំពុងចតលើចិញ្ចើមផ្លូវ ស្របទិសគ្នាស្លាប់ភ្លាមៗតែម្តង មិនចាំយូរ អ្នកបើកបររថយន្តនោះ បានបើកទ្វាររត់បាត់ស្រមោល។
ក្រោយកើតហេតុ គេឃើញសមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនគរបាលជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងប្រគល់សពជនរងគ្រោះឲ្យសច់ញាតិធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចវាស់វែង យកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕