រាជភ្នំពេញ៖ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ -- លោកវេជ្ជបណ្ឌិត ស្តើង ជា ប្រធានគណៈកម្មការវេជ្ជសាស្ត្រ និងវិទ្យាសាស្រ្តកីឡា អម គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC បានទទួលមរណភាពហើយ នៅក្នុងវ័យ៧៥ឆ្នាំ នៅព្រឹកថ្ងៃទី២២មីនា ឆ្នាំ២០២១នេះ ដោយជំងឺកូវីដ-១៩ ហើយថ្នាក់ដឹកនាំ NOCC បានចាត់ទុកថា នេះគឺជាការបាត់បង់សកម្មជន និងអ្នកមានគុណូបការៈនៃចលនាអូឡាំពិកផងដែរ។
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលបានឱ្យដឹងថា លោកវេជ្ជបណ្ឌិត ស្តើង ជា ដែលទទួលមរណភាពនេះ គឺបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីព្រឹកថ្ងែ២១ ខែមីនា ក្នុងសភាពហត់ខ្លាំង ហើយបានតេស្ត រកឃើញវិជ្ជមានកូវីដ-១៩ កាលពីវេលាម៉ោង៩យប់ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។ លោកមានមានអាការៈហត់ និងពិបាកដកដង្ហើមវិវត្តន៍រហ័សរយៈ៣ ទៅ៤ថ្ងែ ហើយមានជំងឺប្រចាំកាយលើសឈាម រលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាង និងខ្សោយសួតខ្លាំង រហូតដល់ប្រើម៉ាស៊ីនជំនួយដង្ហើម ប៉ុន្តែមិនអាចជួយសង្រ្គោះបាន។
នៅថ្ងៃទី២២ខែមីនា ឆ្នាំ២០២១នេះដែរ ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអួឡាំពិកកម្ពុជា (NOCC) បានថ្លែងសាររំលែកទុក្ខដ៏ក្រៀមក្រំបំផុត ដែលក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពជា និងសមាជិកប្រតិបត្តិ ព្រមទាំងក្រុមគ្រួសារកីឡាទាំងអស់សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ដែលលោកវេជ្ជបណ្ឌិត ស្តើង ជា បានទទួលមរណភាព។ ឯកឧត្តមបានចាត់ទុកថា នេះគឺជាការបាត់បង់សកម្មជន និងអ្នកមានគុណូបការៈចំពោះចលនាអូឡាំពិក នាពេលនេះ។ប្រភពAKP