ភ្នំពេញ៖ មន្ត្រីយោធាស័ក្តិ៥ម្នាក់ កំពុងជិះម៉ូតូតាមដងផ្លូវ ត្រូវបានរថយន្តធុនធំម៉ាកFUSO បើកមកបុកចំពីមុខ រួចកិនជនរងគ្រោះចំក្បាលខ្ទេចធ្លាយខួរស្លាប់នៅក្នុងថ្លុកឈាមយ៉ាងរន្ធត់ កាលពីវេលាម៉ោង ៨ និង៣៥នាទីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
សាកសពជនរងគ្រោះខាងលើ មានឈ្មោះ ពៅ វិច្ចិកា ភេទប្រុស អាយុ៣៤ ឆ្នាំ មុខរបរជាមន្ត្រីយោធាពាក់ស័ក្តិ៥ រស់នៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ។ ចំណែកអ្នកបើកបររថយន្ត មានឈ្មោះ ជ ថាច ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (ត្រូវបានឃាត់ខ្លួន) ។
បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានបញ្ជាក់ថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BC-6390 ជិះតាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តធុនធំម៉ាកFUSO ពណ៌ ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-9187 បើកបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿន បុកពីមុខម៉ូតូកិនក្បាលជនរងគ្រោះ ស្លាប់យ៉ាងរន្ធត់តែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចចុះមកវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕