រាជធានីភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ដែលបាន ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួចហើយក្ដី ក៏ត្រូវបន្តអនុវត្តនូវវិធានការ ការពាររបស់ក្រសួងសុខាភិបាលពិសេសគឺអនុវត្ត ៣កុំ ៣ការពារ ដើម្បីចូលរួមទប់ស្កាត់ជម្ងឺកូវីដ-១៩ទាំងអស់គ្នា ។
ការណែនាំបែបនេះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងនៅព្រឹកថ្ងៃទី២៣មីនាឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោកអញ្ជើញចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញក្នុងខណ្ឌ៧មករានិងមណ្ឌលសុខភាពព្រែកឯងក្នុងខណ្ឌច្បារអំពៅ ខណៈដែលក្រុមការងារនិងក្រុមគ្រូពេទ្យកំពុងចាក់វ៉ាក់សាំង ការពារជម្ងឺកូវីដ-១៩ ជូនមនុស្សចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ។
លោកឃួង ស្រេង បានមានប្រសាសន៍ថា៖ សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាមិនត្រឹមតែបានរំដោះប្រទេសជាតិ ចេញពីការកាប់សម្លាប់នៃរបបប៉ុលពតប៉ុណ្ណោះទេ តែសម្ដេចនៅបានអភិវឌ្ឍប្រទេសមួយនេះ ឲ្យមានការរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ន ។ បន្ថែមពីលើនេះទៀតខណៈដែលប្រទេសកម្ពុជាយើងបាននិងកំពុងរីករាលដាលនូវជំងឺកូវីដ-១៩ សម្ដេចបានខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីរកវ៉ាក់សាំង មកចាក់ជូនបងប្អូនប្រជាពលរដ្ឋថែមទៀត។
លោកឃួង ស្រេង បានបន្តទៀតថា៖ ពិតណាស់ថាបងប្អូនប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែបងប្អូនត្រូវតែបន្តការពារខ្លួនឯងពីជំងឺនេះបន្តទៀត ពោលគឺត្រូវអនុវត្តទៅតាមវិធានរបស់ក្រសួងសុខាភិបាល ពិសេសគឺការអនុវត្ត៣កុំនិង៣ការពារ ។លោកបន្តថា៖ យុទ្ធនាការនៃការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់មនុស្ស ដែលមានអាយុ៦០ឆ្នាំឡើងនេះ ត្រូវធ្វើឡើងក្នុងរយៈពេល១៥ថ្ងៃ ដោយចាប់ផ្តើមយុទ្ធនាការ ចាប់ពីថ្ងៃទី២៣ខែ មិនានេះតទៅ ជាមួយនិងទីតាំងចំនួន២០ ដែលរៀបចំឡើងដោយ រដ្ឋបាលរាជធានីភ្នំពេញ។
លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ៖ចំពោះបងប្អូនប្រជាពលរដ្ឋដែលបាននឹងកំពុងធ្វើចក្តាឡីស័កហើយមានបញ្ហាជីវភាពខ្វះខាត បងប្អូនអាចធ្វើទំនាក់ទំនងមកអាជ្ញាធរមូលដ្ឋាន នោះអាជ្ញាធរនឹងចុះជួយឧបត្ថម្ភជាស្បៀងអាហារជូនបងប្អូនភ្លាម។
គួរបញ្ជាក់ថា៖ ក្រោយពីសួរសុខ ទុក្ខនិងផ្តាំផ្ញើរប្រជាពលរដ្ឋដែលកំពុងចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញរួចហើយ លោកឃួង ស្រេង ក៏បានបន្តដឹកនាំមន្ត្រីបន្តចុះពិនិត្យស្ថានភាពនិងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាពព្រែកឯងបន្តទៀតផងដែរ៕