កាប់ប្លន់ ២នាក់ប្តីប្រពន្ធកំពុងជិះឌុបគ្នាមិនសម្រេច ២ថ្ងៃក្រោយឌុបគ្នាបម្រុងកាប់ប្លន់លើអ្នកដំណើរផ្សេងទៀត ត្រូវសមត្ថកិច្ចខណ្ឌដង្កោ ក្របួចបាន..
សន្តិសុខសង្គម
126

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ ត្រូវបានសមត្ថកិច្ចធ្វើនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោក វរសេនីយ៍ឯក ជឹម ស៊ីថា ធ្វើការចាប់ឃាត់ខ្លួនបាន បន្ទាប់ពួកក្រុមចោរទាំងនេះប្រដាប់ដោតដាវ កាំបិតកែច្នៃ និងដំបងដែកទីប កាប់ប្លន់ ២នាក់ប្តីប្រពន្ធកំពុងជិះឌុបគ្នាមិនសម្រេច កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្លូវ៥០ម៉ែត្រ កែងផ្លូវចូលភូមិទួលពង្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ លុះ២ថ្ងៃក្រោយ ឌុបគ្នាបម្រុងកាប់ប្លន់លើអ្នកដំណើរផ្សេងទៀត តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រិន ណារុំ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត ទីលំនៅផ្ទះលេខ៣២A ផ្លូវលេខ៤ ស្ថិតនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យដែលឃាត់ខ្លួនបាន ទី០១ឈ្មោះ សួន សុភាព ហៅ ភាព ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងទី០២ឈ្មោះ ព្រំ សុខជា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០និង៤០នាទីយប់ ជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៩ ពាក់ផ្លាកលេខ កណ្តាល 1K-5284 អង្គុយនៅពីក្រោយប្រពន្ធ ដែលជាអ្នកបើក ចេញពីផ្ទះភូមិហារ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដើម្បីទៅផ្ទះមួយទៀត ស្ថិតនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ដោយជិះតាមផ្លូវបេតុង៥០ម៉ែត្រ ពីកើតទៅលិច ដល់ចំណុចផ្លូវកែងបត់ចូលភូមិទួលពង្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ក៏មានជនសង្ស័យ១ក្រុម មានគ្នាប្រហែល០៨នាក់ ជិះម៉ូតូម៉ាកសេ១២៥ ចំនួន០៤គ្រឿង ប្រដាប់ដោយដំបងដែកទីប ដាវ និងកាំបិតកែច្នៃ ដេញតាមពីក្រោយ កាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យត្រូវចំដើមដៃខាងឆ្វេង រងរបួសស្រាល រួចជនរងគ្រោះក៏បានធាក់ម៉ូតូជនសង្ស័យដួលទៅលើផ្លូវបេតុង ចំនួន០១គ្រឿង ហើយប្រាប់ឱ្យប្រពន្ធបើកម៉ូតូទៅមុខឱ្យលឿន ហួសទៅផ្ទះ ស្ថិតនៅភូមិព្រៃព្រីងខាងជើងតែម្តង ។

លុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចតាមរយៈទូរស័ព្ទ តែមិនបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសភ្លាមទេ ដោយសារជនរងគ្រោះមានធុរៈផ្ទាល់ខ្លួន ។

រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោជិះម៉ូតូល្បាតនៅលើផ្លូវ៥០ម៉ែត្រ ដល់ចំណុចផ្លូវបត់ចូលភូមិទួលពង្រខាងលើ បានជួបនឹងជនសង្ស័យ៣នាក់ កំពុងជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ1GI-3457 ឌុបគ្នាបម្រុងធ្វើសកម្មភាពវ៉ៃប្លន់យកម៉ូតូ ទើបហៅឲ្យឈប់ដើម្បីធ្វើការត្រួតពិនិត្យ ស្រាប់តែជនសង្ស័យម្នាក់ឈ្មោះ ត្រា ភេទប្រុស អាយុ១៨ឆ្នាំ ឈប់ម៉ូតូហើយរត់គេចខ្លួនបាត់ ចាប់បានតែបក្ខពួក២នាក់ទៀត ដកហូតបានម៉ូតូ១គ្រឿង និងដំបងដែកទីបប្រវែង៤០សង់ទីម៉ែត្រចំនួន០១ដើម យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។

ក្រោយធ្វើការសាកសួរ ជនសង្ស័យ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ និងបក្ខពួក ពិតជាធ្វើសកម្មភាពប្រើដំបងដែកទីប, ដាវ និងកាំបិតកែច្នៃ កាប់ទៅលើជនរងគ្រោះប្លន់យកម៉ូតូ តែមិនបានសម្រេច ហើយសមត្ថកិច្ចយើងក៏បានជូនដំណឹងទៅជនរងគ្រោះឱ្យមកមើលមុខជនសង្ស័យ និងដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យទាំង០២នាក់ និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕


Telegram