ខេត្តសៀមរាប៖ រថយន្តកាមរីមួយគ្រឿង ខ្ទាតជាច្រើនម៉ែត្រ ធ្លាក់ចេញពីលើផ្លូវ រងការខូចខាតស្ទើរទាំងស្រុង ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានរថយន្ត HYUNDAI TRACTOR ធុនធំបើកលឿន បុកពេញទំហឹង កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ចន្លោះបង្គោលគីឡូម៉ែត្រ ១៥-១៦ ភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរា ប ។
បើតាម អធិការនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី
លោកវរសេនីយ៍ឯក ឡុង សំណាង ឲ្យសារព័ត៌មានក្នុងស្រុកដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តមួយគ្រឿងម៉ាក HYUNDAI TRACTOR ពណ៌ ស ពាក់ផ្លាកលេខ កំពង់ចាម 3A- 6255 បើកបរដោយឈ្មោះ នី គន្ធា ភេទប្រុស អាយុ ២៧ឆ្នាំ រស់ នៅ ភូមិ ប្រស្រែលើ ឃុំវិហាលួង ក្រុងសួង ខេត្តត្បួងឃ្មុំ រួមដំណើរជាមួយមនុស្សម្នាក់ទៀត ពីត្បួង ទៅ ជើង ក្នុងល្បឿនលឿន ស្រាប់តែមកបុកជាមួយ នឹងរថយន្ត ម៉ាក TOYOTA CAMRY 2007 ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ រដ្ឋ 10 2- 0285 បើកបរដោយឈ្មោះ លិញ លោ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិ ឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានអ្នករួមដំណើរចំនួន ០៣ នាក់ បណ្តាលឲ្យប៉ើងខ្ទាតជាច្រើនម៉ែត្រធ្លាក់ពីលើផ្លូវ រងការខូចខាតស្ទើរទាំងស្រុង និងបណ្តាល មនុស្សចំនួន ០៤នាក់ រងរបួសធ្ងន់ស្រាល ដោយក្នុងនោះមានម្នាក់របួសធ្ងន់ធ្ងរ និង៣នាក់ទៀតរបួសស្រាល ត្រូវបានទៅសង្គ្រោះនៅមន្ទីរ ពេទ្យបង្អែក ។
ចំណែករថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញវាស់វែង យកទៅរក្សា ទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយ ស្រី ដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយតាម នីតិវិធីច្បាប់៕