ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យទីតាំងសាលាបឋម-អនុវិទ្យាល័យតេជោសែនកម្មករ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ធ្វើជាទីកន្លែងរៀបចំសម្រាប់ការចាក់វ៉ាក់សាំង ការពារកូវីដ-១៩ អមដំណើរដោយលោកអភិបាលរងខេត្ត ស្នងការនគរបាលខេត្ត ប្រធានមន្ទីរ និង អង្គភាពពាក់ព័ន្ធ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា យោងតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១កន្លងមកបានជំរុញឱ្យរដ្ឋបាលខេត្តព្រះសីហនុ ខិតខំការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធដែលនៅជួរមុខ នៅក្នុងមន្ទីរពេទ្យ តាមមណ្ឌលធ្វើចត្តាឡីស័ក និងកន្លែងដែលមានការពាក់ព័ន្ធទៅតាមបញ្ជីឈ្មោះដែលបានរៀបចំរួចរាល់ ដោយឡែកសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ នឹងត្រូវបានផ្តល់ជូនការចាក់វ៉ាក់សំាងនៅពេលបន្ទាប់។

សូមជម្រាបជូនផងដែរថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានពីរប្រភេទគឺ Sino Pharm សម្រាប់ចាក់ជូនក្រុមមនុស្សដែលមានអាយុចាប់ពី ១៨ ដល់៥៩ឆ្នាំ និង Astra Zeneca សម្រាប់ក្រុមមនុស្សចាប់ពីអាយុ៦០ឆ្នាំឡើងទៅ។
ដោយផ្អែកលើស្ថានភាពជាក់ស្តែង និងទទួលបានការឯកភាពពីក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចធ្វើការផ្លាស់ប្តូរទីតាំងចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ ពីក្នុងមន្ទីរពេទ្យបង្អែកខេត្ត មកសាលាបឋម-អនុវិទ្យាល័យតេជោសែនកម្មករក្រុង ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុវិញ ដោយទីតាំងថ្មីនេះមានសភាពធំទូលាយ ដោយអាចបង្កើនវិសាលភាពក្នុងការចាក់វ៉ាក់សាំងបានច្រើនជាងមុន និងមានទីតាំងនៅជិតមន្ទីរពេទ្យបង្អែកខេត្តផងដែរ។

ចំពោះទីតាំងសាលាបឋម-អនុវិទ្យាល័យតេជោសែនកម្មករក្រុង នឹងដាក់ឱ្យុដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាប់ពីព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ នេះតទៅ ដោយឡែកសម្រាប់បងប្អូនដែលត្រូវធ្វើតេស្តសំណាករកមេរោគកូវីដ-១៩ សូមអញ្ជើញទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុវិញ ៕ រដ្ឋបាលខេត្តព្រះសីហនុ









