រាជធានីពេញ៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារថ្លែងអំណរគុណ ដល់បងប្អូនជនរួមជាតិ ដែលបានធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺឆ្លងរាតត្បាតកូវីដ-១៩ និងអរគុណចំពោះការយោគយល់របស់បងប្អូនក្នុងពេលដែលប្រទេសជាតិកម្ពុជា កំពុងស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់។
ដោយសារពេលនេះជំងឺកូវីដ-១៩ កំពុងវាយលុកក្នុងសហគមន៍ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនកុំចេញក្រៅផ្ទះប្រសិនបើគ្មានការចាំបាច់, ត្រូវតែពាក់ម៉ាសដាច់ខាត និងត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ, ចិល, ឬទឹកអាកុល។ ប្រសិនបើចាំបាច់ត្រូវជួបមនុស្សនៅខាងក្រៅ ត្រូវរក្សាគម្លាតអោយឆ្ងាយពីគ្នាយ៉ាងហោចណាស់ ១ម៉ែត្រកន្លះ។ ចំពោះអ្នកធ្វើចត្តាឡីស័ក គឺត្រូវធ្វើអោយបានត្រឹមត្រូវហ្មត់ចត់បំផុត តាមការណែនាំរបស់ក្រសួងសុខាភិបាល។
សម្តេចតេជោ បានជូនពរបងប្អូនជនរួមជាតិចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ហើយសូមបន្តអនុវត្តន៍តាមវិធានការ ៣ការពារ និង ៣កុំអោយបានត្រឹមត្រូវខ្ជាប់ខ្ជួន៕