ខេត្តកោះកុង៖ ព្រឹត្តិការណ៍ "សង្ក្រាន្ត អ្នកកោះ ដើម្បីទេសចរណ៍កោះរ៉ុង" បាន ប្រារព្ធឡើងយ៉ាង អធិកអធម នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ នៅឆ្នេរឡុងសិត ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្រោមវត្តមាន លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាបង្កើនភាពរីករាយបន្ថែមទៀត សម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិដែល បានមកលេងតំបន់កោះក្នុងខេត្តព្រះសីហនុ។ នេះបើយោងតាមការចេញផ្សាយរបស់ នាយកដ្ឋានព័ត៌មាន News Department ។
ឯកឧត្តម អភិបាលខេត្ត បានអោយដឹងផងដែរថា ឆ្នាំនេះ ក៏ដូចឆ្នាំមុនៗដែរ ដែលរដ្ឋបាលក្រុងកោះរ៉ុង ជាពិសេសរដ្ឋបាលខេត្តព្រះសីហនុ បានយកចិត្តទុកដាក់រៀបចំសង្ក្រាន្តនៅគ្រប់ក្រុង ស្រុក និងទីតាំងតំបន់កម្សាន្តនានាតាមតំបន់ឆ្នេរ និង រូបសំណាកព្រះថោងនាងនាគ ដែល មានទីធ្លាធំទូលាយ ដើម្បីបង្កើតជាល្បែងប្រជាប្រិយ៍ និងរាំលេង កម្សាន្តក្នុងរដូវចូលឆ្នាំខ្មែរប្រកប ដោយភាពសប្បាយរីករាយក្រោមម្លប់សន្តិភាព ដើម្បីទេសចរណ៍កោះរ៉ុង ជាពិសេសការបង្ហាញពីវប្បធម៌ អរិយ្យធម៌ និងទំនៀមទំលាប់ប្រពៃណីខ្មែរ។
សូមជម្រាបថា ព្រឹត្តិការណ៍ "សង្ក្រាន្ត អ្នក កោះ ដើម្បីទេសចរណ៍កោះរ៉ុង" មានការសម្តែងសិល្បៈមានដូចជា របាំឆៃយុំា របាំជូនពរ របាំត្រុឌ រាំវង់ សារ៉ាវ៉ាន់ ឡាំលាវ និងមានលេងល្បែងប្រជាប្រិយដូចជា វាយក្អម លោតបាវ ។ល។








