រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះនៅក្នុងផ្ទះល្វែងបុរីគឹមសាន្ត ទាំងកណ្តាលអាធ្រាត្រ រហូតបណ្តាលឲ្យឆេះស្លាប់បុរសម្នាក់ យ៉ាងរន្ធត់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យ ខណៈស្ត្រីម្នាក់ទៀត គឺរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដូចគ្នា បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២យប់ ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងភូមិ តាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌ កំពូល រាជធានី ភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះដែលបានស្លាប់នៅក្នុងហេតុការណ៍នេះ មានឈ្មោះ សៀ សុខផល អាយុ ជាង៥០ ឆ្នាំ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សែងខ្មៅហ៊ុយទ្រលោមចេញ ពីផ្ទះខាងលើ ទើបប្រញាប់រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីមានរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ ភ្លាមៗរថយន្តពន្លត់អគ្គិភ័យក៏មកដល់ ដោយមាន រថយន្ត ពន្លត់ អគ្គិភ័យ របស់សង្ឃឹមថ្មី ចំនួន៣គ្រឿង រថយន្ត ពន្លត់ អគ្គិភ័យ របស់អង្គភាពសង្រ្គោះ៩១១ ចំនួន១គ្រឿង រថយន្ត របស់រដ្ឋបាលខណ្ឌកំបូល ចំនួន ១គ្រឿង សរុប៥គ្រឿង បានបាញ់ទឹកពន្លត់នៅទីតាំងកើតហេតុ រហូតរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង២យប់ ថ្ងៃដដែល និងបាន ជួយសង្គ្រោះមនុស្សប្រុសស្រី២នាក់ ចេញពីក្នុងផ្ទះ តែអកុសល បុរសម្នាក់បានឆេះខ្លោចខ្លួនរហូតស្លាប់បាត់បង់ជីវិតទៅហើយ ពេលបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកស្ត្រីម្នាក់ទៀតត្រូវបានបញ្ជូន ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យតែម្តង ។
ចំណែកមូលហេតុនៃការឆាបឆេះនៅមិនទាន់ដឹងនៅឡើយនោះទេ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕