គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់ បានផ្តាច់ជីវិតនិងរបួសជនចំណាកស្រុកជិត១០០នាក់ នៅ ម៉ិចស៊ីកូ
អន្តរជាតិ
128

ម៉ិកស៊ិក៖ មនុស្សយ៉ាងហោចណាស់ ៤៩ នាក់បានស្លាប់ និងរបួសជិត ៥០នាក់ផ្សេងទៀត កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពី រថយន្តដឹកទំនិញមួយគ្រឿង ដែលបានដឹកមនុស្សដែលជាជនចំណាកស្រុកអាមេរិកកណ្តាល បានក្រឡាប់ និងបុកគល់ស្ពានថ្មើរជើង លើផ្លូវហាយវេមួយនៅភាគខាងត្បូងប្រទេសម៉ិកស៊ិក ។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន Bangkok Post នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។

អាជ្ញាធរ បាននិយាយថា អ្នករបួសប្រហែល ២១នាក់មានរបួសធ្ងន់ធ្ងរ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុក។ជនរងគ្រោះទំនងជាជនចំណាកស្រុកមកពីអាមេរិកកណ្តាល ទោះបីជាសញ្ជាតិរបស់ពួកគេមិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ។ ក្នុងនោះ អ្នកនៅរស់រានមានជីវិតមួយចំនួន បាននិយាយថា ពួកគេមកពីប្រទេសជិតខាងនៃប្រទេសហ្គាតេម៉ាឡា។

អាជ្ញាធរបានបន្តថា មូលហេតុនៃគ្រោះថ្នាក់នេះ អាចមកពីល្បឿន និងទម្ងន់របស់មនុស្ស ។

មនុស្សយ៉ាងហោចណាស់ ជនចំណាក់ស្រុក ១០៧នាក់ បានជិះនៅលើរថយន្ត។ វាមិនមែនជារឿងចម្លែកទេ សម្រាប់រថយន្តដឹកទំនិញក្នុងប្រទេសម៉ិកស៊ិក ដែលដឹកមនុស្សយ៉ាងច្រើន នៅក្នុងប្រតិបត្តិការរត់ពន្ធជនចំណាកស្រុកនៅភាគខាងត្បូងម៉ិកស៊ិក។

គួរបញ្ជាក់ថា ជនចំណាកស្រុក ដែលព្យាយាមភៀសខ្លួនពីភាពក្រីក្រតោកយ៉ាក និងអំពើហិង្សានៅក្នុងតំបន់អាមេរិកកណ្តាល តែងតែធ្វើដំណើរឆ្លងកាត់ប្រទេសម៉ិចស៊ីកូ ដើម្បីឆ្ពោះទៅកាន់សហរដ្ឋអាមេរិក ហើយពេលខ្លះពួកគេសុខចិត្តប្រជ្រៀតគ្នានៅក្នុងរថយន្តដឹកទំនិញធំៗ ដែលរៀបចំដោយក្រុមអ្នកលួចឆ្លងដែនមនុស្ស ទោះបីត្រូវប្រឈមនឹងស្ថានភាពដ៏គ្រោះថ្នាក់ខ្លាំងក៏ដោយ៕

ប្រភព៖ Bangkok Post

Telegram