ហ្វីលីពីន៖ កងទ័ពបានបន្តបេសសកម្ម នៅថ្ងៃអង្គារ នេះ(២១ ធ្នូ) ដើម្បីបញ្ជូនស្បៀងអាហារ ទៅកាន់កោះដែលបំផ្លិចបំផ្លាញ ដោយព្យុះទីហ្វុងនៃប្រទេសហ្វីលីពីន ខណៈដែលអង្គការសប្បុរសធម៌ បានអំពាវនាវរកជំនួយ ដើម្បីជួយមនុស្សរាប់សែននាក់ ដែលបាត់បង់ផ្ទះសម្បែង ដោយសារខ្យល់ព្យុះដ៏សាហាវនេះ។
បើតាមសារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣៧៥ នាក់បានស្លាប់ និងរាប់រយនាក់បានរងរបួស នៅពេលដែលព្យុះទីហ្វុង រ៉ៃ បានវាយប្រហារតំបន់ភាគខាងត្បូង និងកណ្តាលនៃប្រជុំកោះ ដោយបានបំផ្លាញផ្ទះ ដើមឈើ និងផ្តាច់ចរន្តអគ្គិសនីនៅទូទាំងកោះទាំងមូល។
បុគ្គលិកយោធា ប៉ូលីស និងឆ្មាំឆ្នេរសមុទ្ររាប់ពាន់នាក់ ត្រូវបានដាក់ពង្រាយដើម្បីចែកចាយអាហារ ទឹកស្អាត និងការផ្គត់ផ្គង់ថ្នាំពេទ្យដល់ជនរងគ្រោះដែលនៅរស់រានមានជីវិត ដែលកំពុងជួបការលំបាកក្នុងការស្វែងរកសម្ភារៈចាំបាច់ជាមូលដ្ឋាន។
អង្គការសហប្រជាជាតិបានរាយការណ៍ថា «ការបំផ្លិចបំផ្លាញទាំងស្រុង»នៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយ ព្យុះទីហ្វុង Rai ដែលបានវាយលុកប្រទេសកាលពីថ្ងៃព្រហស្បតិ៍ជាព្យុះទីហ្វុងដ៏កំណាច។ ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ បាននិយាយថា មនុស្សជាង ៤០០,០០០ នាក់កំពុងជ្រកកោននៅក្នុងមជ្ឈមណ្ឌលជម្លៀស ឬជាមួយសាច់ញាតិ បន្ទាប់ពីផ្ទះរបស់ពួកគេត្រូវបានខូចខាត ឬបំផ្លិចបំផ្លាញដោយព្យុះទីហ្វុងដ៏ខ្លាំងបំផុត ដែលបានវាយប្រហារប្រទេសក្នុងឆ្នាំនេះ៕
ប្រភព៖ Channel News Asia