ណៃពីដោ៖ មនុស្សជាង៣០នាក់ រួមទាំងស្ត្រី និងកុមារត្រូវបានសម្លាប់ ហើយសាកសពរបស់ពួកគេត្រូវបានដុតនៅក្នុងរដ្ឋ Kayah ដែលហែកហួរដោយជម្លោះរបស់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រ (២៤ខែធ្នូ) នេះបើយោងតាមអ្នកស្រុក របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមសិទ្ធិមនុស្សក្នុងស្រុក។
បើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមសិទ្ធិមនុស្ស Karenni បាននិយាយថា ពួកគេបានរកឃើញសាកសពដែលត្រូវបានដុតនៃជនភៀសខ្លួន រួមទាំងមនុស្សចាស់ ស្ត្រី និងកុមារ ដែលត្រូវបានសម្លាប់ដោយយោធាដែលគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ា នៅក្បែរភូមិ Mo So នៃទីក្រុង Hpruso កាលពីថ្ងៃសៅរ៍។
ក្រុមនេះបាននិយាយនៅក្នុងការបង្ហោះតាមហ្វេសប៊ុកថា៖ «យើងសូមថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្លាប់ដោយអមនុស្សធម៌ និងឃោរឃៅដែលរំលោភសិទ្ធិមនុស្ស»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា យោធាមីយ៉ាន់ម៉ាបាននិយាយថា ខ្លួនបានបាញ់សម្លាប់ចំនួនមិនជាក់លាក់នៃ «ភេរវករដោយអាវុធ»ពីកងកម្លាំងប្រដាប់អាវុធប្រឆាំងនៅក្នុងភូមិ។ សេចក្តីថ្លែងការណ៍បន្តថា មនុស្សនៅក្នុងរថយន្តចំនួន ៧ គ្រឿងមិនបានឈប់សម្រាប់យោធាឡើយ។
កងកម្លាំងការពារជាតិសាសន៍ Karenni ដែលជាកងជីវពលស៊ីវិលដ៏ធំបំផុតមួយ ក្នុងចំណោមកងជីវពលស៊ីវិលជាច្រើនប្រឆាំងនឹងរបបយោធា ដែលបានដឹកនាំរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ បាននិយាយថា អ្នកស្លាប់មិនមែនជាសមាជិករបស់ពួកគេទេ ប៉ុន្តែជាជនស៊ីវិលដែលកំពុងស្វែងរកការជ្រកកោនពីជម្លោះ។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចល ចាប់តាំងពីយោធា បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ដោយបានអះអាងពីការក្លែងបន្លំ នៅក្នុងការបោះឆ្នោតខែវិច្ឆិកាឆ្នាំ២០២០ ដែលគណបក្សរបស់លោកស្រីបានឈ្នះ។ អ្នកសង្កេតការណ៍អន្តរជាតិបាននិយាយថា សន្លឹកឆ្នោតមានភាពយុត្តិធម៌។
ជនស៊ីវិលដែលខឹងសម្បារដោយរដ្ឋប្រហារ និងការបង្រ្កាបជាបន្តបន្ទាប់លើបាតុករបាននិងកំពុងកាន់អាវុធ។ កម្លាំងតស៊ូក្នុងមូលដ្ឋានជាច្រើនបានផ្ទុះឡើងនៅទូទាំងប្រទេស។ យោធាបានហាមឃាត់គូប្រជែងជាច្រើន ដោយដាក់ឈ្មោះពួកគេថាជា«ជនក្បត់ជាតិ ឬភេរវករ»រួមទាំងរដ្ឋាភិបាលរួបរួមជាតិដែលប្រកាសដោយខ្លួនឯង ដែលស្វែងរកការបញ្ចុះបញ្ចូលសហគមន៍អន្តរជាតិ និងរារាំងរបបយោធាពីការបង្រួបបង្រួមអំណាច៕
ប្រភព៖ Channel News Asia