ទីក្រុងដាកា៖ ប៉ូលិសបង់ក្លាដែស នៅថ្ងៃចន្ទ(២៧ធ្នូ) បានចាប់ខ្លួនម្ចាស់សាឡាង ដែលផ្ទុកមនុស្សលើសចំណុះ ដែលបានឆេះនិងបានសម្លាប់មនុស្សយ៉ាងហោចណាស់៣៩នាក់កាលពីសប្តាហ៍មុន បន្ទាប់ពីអ្នកស៊ើបអង្កេត បានស្តីបន្ទោសចំនួនអ្នកស្លាប់លើការមិនយកចិត្តទុកដាក់ចំពោះសុវត្ថិភាព។
ករណីអគ្គិភ័យភ្លើងបានឆាបឆេះនេះនៅពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃសុក្រ នៅពេលដែលអ្នកដំណើរជាច្រើននាក់ ក្នុងចំណោមអ្នកដំណើរ៧០០នាក់កំពុងដេកលក់នៅជិតស្រុកBarguna ភាគខាងត្បូងនៃប្រទេស។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន Channel News Asia នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។
ជនរងគ្រោះភាគច្រើនបានឆេះស្លាប់ ខណៈខ្លះទៀតលង់ទឹក ខណៈព្យាយាមរត់គេច។ ក្នុងនោះ អ្នកនាំពាក្យប៉ូលិសម្នាក់បានប្រាប់អ្នកយកព័ត៌មានថា ម្ចាស់សាឡាង មានឈ្មោះ Hum Jalal Sheikh ត្រូវបានចាប់ខ្លួន នៅថ្ងៃច័ន្ទ មួយថ្ងៃបន្ទាប់ពីតុលាការបានចេញដីកាចាប់ខ្លួនមនុស្ស៨នាក់ រួមទាំងប្រធានក្រុម និងនាវិក១០នាក់ផងដែរ។
មន្ត្រីប៉ូលីសសមុទ្រ លោក Mahbubur Rahman បាននិយាយថា សាឡាងមិនមានឧបករណ៍ពន្លត់អគ្គីភ័យ និងធុងទឹកគ្រប់គ្រាន់ ដើម្បីប្រឈមមុខនឹងឧបទ្ទវហេតុដ៏ធំនៅកណ្តាលទន្លេនោះទេ។
លោកបានប្រាប់ AFP ថា «យើងបាននិយាយទៅកាន់អ្នកនៅរស់រានមានជីវិត ហើយពួកគេបាននិយាយថា អ្នកបើកបរសាឡាងបានរក្សាសាឡាងផ្លាស់ទីអស់រយៈពេលជិតមួយម៉ោង បន្ទាប់ពីបន្ទប់ម៉ាស៊ីនរបស់វាបានឆេះ»។
គួរបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ២១ នាក់បានស្លាប់នៅក្នុងខែសីហា នៅពេលដែលទូកមួយផ្ទុកអ្នកដំណើរបានបុកជាមួយកប៉ាល់ដឹកទំនិញដឹកខ្សាច់៕
ប្រភព៖ Channel News Asia