សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅសប្តាហ៍នេះ បានបើកកិច្ចប្រជុំគណបក្សកាន់អំណាចដ៏សំខាន់មួយ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអង្គារ (ទី ២៨ ខែធ្នូ) ដែលជាវេទិកាដែលលោកធ្លាប់ធ្វើសេចក្តីប្រកាសគោលនយោបាយសំខាន់ៗសម្រាប់ឆ្នាំថ្មី។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា កិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមទី៨ នៃគណបក្សពលករកូរ៉េ (WPK) ត្រូវបានកោះប្រជុំកាលពីថ្ងៃចន្ទ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។
ការប្រមូលផ្តុំមន្ត្រីបក្ស និងរដ្ឋាភិបាលធ្វើឡើង នៅពេលដែលប្រទេសកូរ៉េខាងជើងកំពុងជួបវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយការបិទប្រទេសប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ការដាក់ទណ្ឌកម្មរបស់អន្តរជាតិ លើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ពួកគេនិងគ្រោះមហន្តរាយធម្មជាតិ។ កិច្ចប្រជុំនេះកើតឡើង ស្របពេលដែលប្រទេសកូរ៉េខាងជើងប្រារព្ធខួបលើកទី ១០ ដែលលោក គីម ចូលកាន់តំណែង ជាមេបញ្ជាការកំពូលនៃយោធា បន្ទាប់ពីការស្លាប់របស់ឪពុកលោក គីម ជុង អ៊ីល (Kim Jong Il) ក្នុងឆ្នាំ ២០១១។
របាយការណ៍ បាន បន្ត ថា ៖ « កិច្ចប្រជុំ ពេញអង្គ គឺ ដើម្បី ពិនិត្យ ការអនុវត្ត គោលនយោបាយ សំខាន់ៗ របស់ បក្ស និង រដ្ឋ សម្រាប់ ឆ្នាំ ២០២១»។ KCNA បានបង្ហាញថា កិច្ចប្រជុំនេះក៏នឹងពិភាក្សាលើការសម្រេចគោលនយោបាយយុទ្ធសាស្ត្រ និងយុទ្ធសាស្ត្រ និងជំហានជាក់ស្តែងសម្រាប់ការដឹកនាំយ៉ាងស្វាហាប់ក្នុងការតស៊ូរបស់បក្សនិងប្រជាជនរបស់កូរ៉េខាងជើង ដើម្បីឈានទៅដំណាក់កាលថ្មីនៃការអភិវឌ្ឍការកសាងសង្គមនិយមទៅកាន់ដំណាក់កាលបន្ទាប់នៃជ័យជម្នះ ។
គួរបញ្ជាក់ថា ក្នុងអំឡុងពេលឆ្នាំថ្មីនេះ លោក គីម តែងតែប្រកាសអំពីគោលនយោបាយសំខាន់ៗ រួមមានក្នុងឆ្នាំ ២០១៨ នៅពេលដែលលោកបានប្រកាសពីចំណាប់អារម្មណ៍របស់លោកក្នុងការបញ្ជូនគណៈប្រតិភូទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅប្រទេសកូរ៉េខាងត្បូង និងនៅឆ្នាំ ២០១៩ នៅពេលដែលលោកបានពិភាក្សាអំពីបំណងចង់បន្តកិច្ចពិភាក្សាជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។
«លោក គីម បានប្រើសុន្ទរកថាជុំវិញវិស្សមកាលឆ្នាំថ្មីនាពេលកន្លងមក ដើម្បីធ្វើទស្សនកិច្ចមិត្តភាពទៅកាន់សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង ប៉ុន្តែក៏ដើម្បីបង្ហាញពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងផែនការយោធាផ្សេងទៀត»។ NK News ដែលជាគេហទំព័រដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូលដែលតាមដានប្រទេសកូរ៉េខាងជើងបាននិយាយនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃចន្ទទី ២៧ ខែធ្នូ។
ប្រទេសកូរ៉េខាងជើងបានបញ្ជាក់ថា ខ្លួនបើកចំហក្នុងការបន្តកិច្ចចរចាជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ប៉ុន្តែលុះត្រាតែទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលចាត់វិធានការដើម្បីបញ្ចប់ «គោលនយោបាយអរិភាព» ដូចជាការដាក់ទណ្ឌកម្ម និងសមយុទ្ធយោធា៕ ប្រភព៖ Channel News Asia