ត្មាតភ្លើងចំនួន០៧ក្បាល ត្រូវបានប្រទះឃើញដែនជម្រកសត្វព្រៃស្រែពក
ព័ត៌មានជាតិ
403

ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្ដមណ្ឌលគិរីបានគូសបញ្ជាក់ថា ពួកគេបានប្រទះឃើញ ត្មាតភ្លើងចំនួន០៧ក្បាល និង បានឃើញមាន់​ព្រៃចំនួន​០៥​ក្បាល នៅដែនជម្រកសត្វព្រៃស្រែពក។ នេះបើតាមមន្រី្ដនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ ដោយបានលើកឡើងថា នេះជាក្តី​រំភើបរីក រាយឥតឧបមាដែលក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្ដមណ្ឌលគិរីដោយមានការគាំទ្រពីអង្គការ WWF បានផ្តល់របាយការណ៍កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

គួរបញ្ជាក់ផងដែរថា នេះជាលើកទីមួយហើយដែលចំនួនត្មាតភ្លើងមានចំនួនកើន​ឡើងក្រោយពីបាត់វត្តមានអស់រយៈពេលពីរឆ្នាំ ដែលពីមុនមកយើងបានឃើញ ០៥ក្បាល ឬ ០៦ក្បាលប៉ុណ្ណោះ។

ត្មាតភ្លើង (Red headed vulture) វាមានរោមដងខ្លួនពណ៌ក្រមៅ និង​ក្បាលស្មើតែគ្មានរោម (គឺមានតិចបំផុត) ដោយបញ្ចេញស្បែកក្បាល និងកពណ៌ក្រហម​ដូចភ្លើង រួមទាំងបន្ទះស្បែកអមថ្ពាល់ដូចស្លឹកត្រចៀកទាំងសងខាងផងក៏ពណ៌ក្រហមដែរ។ វាទម្ងន់ចន្លោះពី ៣,៥០ គីឡូក្រាមដល់ ៦,៣០គីឡូក្រាម វាមានបណ្តោយដងខ្លួនប្រមាណ ០,៧៦ ម៉ែត្រ ដល់ ០,៨៦ ម៉ែត្រ និងមានប្រវែងពីចុងស្លាបម្ខាងទៅដល់ចុងស្លាបម្ខាងទៀត ២ម៉ែត្រ ដល់២,៦០ម៉ែត្រ នៅពេលវាលាតសន្ធឹងស្លាបហើរ។ ត្មាតភ្លើងជាបក្សីមានមាឌ​ទាបកន្តាញ ដោយមានកម្ពស់របស់វាប្រមាណជា០,៦០ម៉ែត្រ ទៅ០,៧០ម៉ែត្រ ប៉ុណ្ណោះ។ ត្មាតភ្លើងជាប្រភេទត្មាត ដែលអ្នកស្រុកជនជាតិអាស៊ី មួយចំនួនធំបានចាត់ទុកជាមេត្មាត ឬមេហ្វូង ឬហៅថាស្តេចត្មាត ។

បើតាមក្រុមអ្នកស្រាវជ្រាវដែលបានធ្វើការអង្កេតតាមដានសកម្មភាពរបស់សត្វត្មាតភ្លើងនៅក្នុងធម្មជាតិបានឲ្យដឹងថា ត្មាតភ្លើង ពេលវាដើរផ្ទាល់ដី វាមានដំណើររាងបើកដើម​ស្លាបជានិច្ច ឬហៅថាដំណើររបៀបកាងស្លាប ឬថាដើរពើងទ្រូង ឥរិយាបថរបស់វាបង្ហាញ​ពីភាពមិនខ្លាចគេ ជាមេគេ ហើយត្មាតប្រភេទផ្សេងៗទៀតក៏ពុំសូវហ៊ានប្រឈមតទល់​នឹង​វាដែរ។ រីឯពេលវាស៊ីចំណីអាហារទៀតសោត ក៏វាពុំដែលចុះមកដណ្តើមគេស៊ីពីគ្រា​ដំបូង​ដែរ វាច្រើនតែទុកពេលឱ្យត្មាតផ្សេងៗទៀតស៊ីមួយសន្ទុះ​សិន ទើបវាចុះមកស៊ីតាមក្រោយ នេះ ទំនងជាវាគិតពីសុវត្ថិភាពនៅទីនោះ រួមទាំងការពុលចំណីអាហារផងក៏អាចថាបាន ពេលដែលវាចុះមកស៊ីចំណីហើយ ភាគច្រើនត្មាតឯទៀតក៏តែងទុកចន្លោះកន្លែងឱ្យ​វាចូល​ស៊ី​​ជានិច្ច៕ ប្រភព៖ AKP  


Telegram