អាជ្ញាធរក្រុងព្រះសីហនុ ចុះអប់រំទីតាំងមួយកន្លែង និងបើកផ្លូវសាធារណៈដែលបានដាក់ថូផ្កាបិទ រួមទាំងណែនាំអាជីវករឲ្យសំអាតទីធ្លាឲ្យបានស្អាត....
សន្តិសុខសង្គម
312

ខេត្តព្រះសីហនុ ៖ នាល្ងាចថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២២ ក្រោមការចង្អុលបង្ហាញពីលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានចាត់អោយលោក ជួប សីហា ប្រធានការិយាល័យសាធារណការនិងដឹកជញ្ជូន អនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់ និងជាប្រធានក្រុមការងារគ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរអូរឈើទាល ដោយមានការចូលរួមពីអាជ្ញាធរក្រុងព្រះសីហនុ មន្ទីរបរិស្ថាន និងឆ្មាំសមុទ្រ បានចុះអប់រំទីតាំងមួយកន្លែងព្រមទាំងបានបើកផ្លូវសាធារណៈដែលបានដាក់ថូផ្កាបិទនិងណែនាំអាជីវករឱ្យសំអាតទីធ្លាអោយបានស្អាត ដែលស្ថិតនៅតាមបណ្ដោយឆ្នេរអូរឈើទាល ស្ថិតក្នុងភូមិ ០៤ សង្កាត់លេខ ០៤ ក្រុងព្រះសីហនុនិងខេត្តព្រះសីហនុ។

លោក ជួប សីហា ប្រធានការិយាល័យសាធារណការនិងដឹកជញ្ជូន អនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់ និងជាប្រធានក្រុមការងារគ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរអូរឈើទាល បានធ្វើការអប់រំទៅដល់ម្ចាស់ទីតាំង ដែលបានដាក់ថូផ្កាបិទផ្លូវសាធារណៈសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ ឱ្យយកចេញវិញនិងរៀបចំកន្លែងនេះទៅជាផ្លូវសាធារណៈ ដើម្បីបើកផ្លូវដើរឡើងវិញសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងតំបន់ឆ្នេរនិងមិនអនុញ្ញាតឲ្យធ្វើការបិទឡើងវិញដាច់ខាតព្រមទាំងឱ្យម្ចាស់ទីតាំងធ្វើការសំអាតជាប្រចាំនឹងលើឆ្នេរសមុទ្រក៏ត្រូវសម្អាតជាប្រចាំដូចគ្នា ។

លោកបានបន្ថែមថាត្រូវតែរៀបចំប្រព័ន្ធទឹកលូ និងទឹកកខ្វក់ ឲ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសមិនត្រូវឲ្យហូរចូលសមុទ្រនិងហូរទៅប៉ះពាល់លើខ្សាច់សមុទ្រទៀតទេជាហេតុធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពនៃតំបន់ឆ្នេរ ដោយទុករយៈពេលមួយសប្តាហ៍ត្រូវតែរៀបចំឲ្យបានរៀបរយល្អឡើងវិញ ៕ សំណាង


Telegram