រាជធានីភ្នំពេញ ៖ រថយន្តព្រុសចំនួន ២គ្រឿង បានបុកគ្នាត្រង់ផ្លូវបែកជាបួន ពេញទំហឹង ជ្រុលបុកចូលហាងលក់ស៊ុប និងសាច់ក្លែមទាំងកំរោល បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំតែម្តង ប៉ុន្តែសំណាងណាស់ នៅក្នុងហេតុការណ៍នេះមិនបានបណ្តាលឲ្យនរណាម្នាក់ រងរបួសនោះទេ និងបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១ និង ៤៥នាទីយប់ឈានចូលថ្ងៃទី ៥ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្លូវ១១៣ កែងផ្លូវ២៨៨ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តព្រុសមួយគ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BC-5912 បើកបរដោយបុរសម្នាក់តាមផ្លូវ១១៣ ពីត្បូងទៅជើង លុះដល់ចំណុចផ្លូវបំបែកជា៤ ក៏មានរថយន្តព្រុសមួយគ្រឿងទៀត ពណ៌ប្រផេះដូចគ្នា ពាក់ស្លាកលេខ ភ្នំពេញ 2BL-0301 បើកបរដោយបុរសម្នាក់តាមផ្លូវ២៨៨ ពីកើតទៅលិច បានបុកគ្នាពេញទំហឹងចំចំហៀងក្បាលខាងស្តាំរថយន្តម្ខាងទៀត រួចហើយរថយន្តព្រុសដែលបុកគេនោះ ក៏បន្តល្បឿនបើកបុកចូលហាងលក់ ស៊ុប និងសាច់ក្លែមទាំងកំរោល បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំតែម្តង ប៉ុន្តែសំណាងណាស់ នៅក្នុងហេតុការណ៍នេះមិនបានបណ្តាលឲ្យនរណាម្នាក់ រងរបួសនោះទេ ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋាន សហការជាមួយនគរបាលចរាចរណ៍ក្រុង បានចុះមកធ្វើការវាស់វែង យករថយន្តទាំង២គ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត ៕