សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការបង្កើនកម្លាំងយោធាយុទ្ធសាស្ត្ររបស់ប្រទេស ខណៈដែលលោកបានសង្កេតឃើញ «ការបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង» នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយនៅថ្ងៃពុធ (១២ មករា) ដោយចូលរួមជាផ្លូវការនូវការបាញ់បង្ហោះមីស៊ីលជាលើកដំបូងក្នុងរយៈពេលជិតពីរឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២។
កាលពីថ្ងៃអង្គារ អាជ្ញាធរកូរ៉េខាងត្បូង និងជប៉ុន បានរកឃើញការបាញ់បង្ហោះដែលសង្ស័យ ដែលបានទាក់ទាញការថ្កោលទោសពី ពិភពលោក និងបានជំរុញឱ្យមានការថ្កោលទោស ពីអគ្គលេខាធិការអង្គការសហប្រជាជាតិ។
នេះជា ការធ្វើតេស្តលើកទីពីរនៃការ«មីស៊ីលល្បឿនលឿនជាងសម្លេង»ក្នុងពេលតិចជាងមួយសប្តាហ៍ បានគូសបញ្ជាក់ពីស្បថចូលឆ្នាំថ្មីរបស់លោកគីម ដើម្បីជំរុញយោធា ជាមួយបច្ចេកវិទ្យាទំនើបនេះ នៅពេលដែលកិច្ចពិភាក្សាជាមួយកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានជាប់គាំង។
ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា បន្ទាប់ពីចុះត្រួតពិនិត្យមើលការសាកល្បងរួច លោក គីម បានជំរុញឱ្យអ្នកវិទ្យាសាស្ត្រយោធា «ពន្លឿនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីពង្រឹងសាច់ដុំយោធាយុទ្ធសាស្ត្ររបស់ប្រទេស ទាំងគុណភាព និងបរិមាណ និងធ្វើទំនើបកម្មកងទ័ពបន្ថែមទៀត»។
នេះជាលើកដំបូងចាប់តាំងពីខែមីនាឆ្នាំ ២០២០ ដែលលោក គីម បានចូលរួមការសាកល្បងមីស៊ីល ជាផ្លូវការ។
ជាមួយគ្នានេះ សហភាពអឺរ៉ុបកាលពីថ្ងៃអង្គារ បានថ្កោលទោសការបាញ់មីស៊ីល ចុងក្រោយរបស់កូរ៉េខាងជើងថា ជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ ហើយបានអំពាវនាវឱ្យទីក្រុងព្យុងយ៉ាងបន្តការទូតឡើងវិញ។
បន្ថែមពីនេះ ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃអង្គារ ប្រទេសកូរ៉េខាងត្បូងបាននិយាយថា ការសាកល្បងលើកទី២ ហាក់ដូចជាបង្ហាញនូវដំណើរការប្រសើរឡើង ដោយមីស៊ីលបានឈានដល់ល្បឿនកំពូលរហូតដល់ ១០ដងនៃល្បឿនសំឡេង (១២,៣៤៨ គីឡូម៉ែត្រក្នុងមួយម៉ោង) ទោះបីជាពួកគេមិនបានធ្វើអត្ថាធិប្បាយអំពីភាពបត់បែនរបស់វាក៏ដោយ៕
ប្រភព៖ Channel News Asia