ដើម្បីឲ្យក្រុងនិងតំបន់ឆ្នេរមានសោភ័ណភាព បរិស្ថានល្អស្អាត ស្ថិតស្ថេរបានយូរអង្វែង យើងត្រូវចូលរួម ថែរក្សាទាំងអស់គ្នា
ព័ត៌មានជាតិ
76

ខេត្តព្រះសីហនុ៖ ក្រុងព្រះសីហនុគឺជាក្រុងទេសចរណ៍ ដូចនេះទាមទារឲ្យមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធក្នុងការចូលរួមថែរក្សា អនាម័យបរិស្ថាន នៅតាមដងផ្លូវ សាធារណៈទូទាំងក្រុងក៏ដូចជា តាមតំបន់ឆ្នេរ ដោយកុំបោះចោលសំរាម កាកសំណល់ផ្សេងៗ ដែលធ្វើឲ្យបាត់នូវសោភ័ណភាព ទីក្រុងដែលបច្ចុប្បន្នក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុនសែន ជាប្រមុខ ក៏ដូចជាការយកចិត្តទុកដាក់ពី ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បាននិងកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៧ ខ្សែបានរៀបចំល្អស្អាតធំទូលាយងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋកាត់បន្ថយការកកស្ទះចរាចរណ៍មានផ្លូវស្មើជើងបំពាក់ទៅដោយអំពូលភ្លើងកាំមេរ៉ាសុវត្តិភាព គំនូសសញ្ញាចរាចរណ៍ ស្លាកសញ្ញាចរាចរណ៍ សួនច្បារ មានប្រព័ន្ធលូបង្ហូរទឹកកខ្វក់ ចូលស្ថានីយអាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់ មុននឹងបង្ហូរចេញទៅក្នុងសមុទ្រ ដូចនេះហើយទាមទារឲ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិដើម្បីឱ្យ សោភ័ណ្ឌភាពបរិស្ថាននៅក្នុងក្រុងខេត្តព្រះសីហនុកាន់តែល្អស្អាតក្នុងការទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមកលេងកាន់តែច្រើន។

លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុមានប្រសាសន៍ដូចនេះនៅក្នុងពិធី សំអាតអនាម័យបរិស្ថានតំបន់ឆ្នេរ កាលពីព្រឹកថ្ងៃទី ១២ ខែ មករាឆ្នាំ២០២២ នៅឆ្នេរ អូត្រេះ១ស្ថិតក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុដោយមានការចូលរួមពីមន្ទីរ បរិស្ថានមន្ទីរទេសចរណ៍ កងកម្លាំងសមត្ថកិច្ច អាជ្ញាធរ សង្កាត់ និងអង្គភាពពាក់ព័ន្ធចូលរួមផងដែរ។

ហើយលោកអភិបាលក្រុងក៏បានបញ្ជាក់បន្ថែមថាសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្រប់មជ្ឈដ្ឋានត្រូវចូលរួមជាមួយនឹងអាជ្ញាធរដើម្បីធ្វើយ៉ាងណាឱ្យ ក្រុងក៏ដូចជាតំបន់ឆ្នេររបស់យើង មានសោភ័ណភាពនិងបរិស្ថានស្អាតដោយកុំចោលសំរាមនិងកាកសំណល់ រឹងរាវបង្ហូរចូលទៅក្នុងសមុទ្រ អូរ ប្រឡាយដែលធ្វើឲ្យប៉ះពាល់បរិស្ថាននិងបាត់សោភ័ណភាព ក្រុងរបស់យើង៕ សំណាង

 


Telegram