សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានឱ្យដឹងថា កូរ៉េខាងជើង បានអះអាងនៅថ្ងៃចន្ទ ទី៣១ ខែមករា ថា ខ្លួនបានសាកល្បងមីស៊ីលផ្លោងរយៈចម្ងាយមធ្យម Hwasong-12 (IRBM) កាលពីថ្ងៃអាទិត្យ ដែលជាលើកទីមួយ ដែលមីស៊ីលដែលមានសមត្ថភាពនុយក្លេអ៊ែរ ត្រូវបានគេបាញ់បង្ហោះ ចាប់តាំងពីឆ្នាំ២០១៧ ខណៈដែលមន្ត្រីអាមេរិក និងកូរ៉េខាងត្បូង បានព្រមានថា ការបាញ់តេស្តកាលពីថ្ងៃអាទិត្យ អាចនាំឱ្យមានការសាកល្បងឡើងវិញនូវ អាវុធនុយក្លេអ៊ែរ និងគ្រាប់បែកនុយក្លេអ៊ែរ រយៈចំងាយឆ្ងាយ ។ នេះបើសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។
ការសាកល្បងនេះត្រូវបានរាយការណ៍ជាលើកដំបូង ដោយអាជ្ញាធរកូរ៉េខាងត្បូង និងជប៉ុនកាលពីថ្ងៃអាទិត្យ។ ក្រុមអ្នកវិភាគ និងមន្ត្រីបាននិយាយថា ការសាកល្បងនេះហាក់ដូចជាពាក់ព័ន្ធនឹង មីស៊ីលផ្លោងរយៈចម្ងាយមធ្យម (IRBM) ដែលកូរ៉េខាងជើងមិនបានសាកល្បងចាប់តាំងពីឆ្នាំ ២០១៧ នៅពេលដែលខ្លួនបានផ្អាកការសាកល្បងមីស៊ីលដ៏ធំបំផុត និងអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយថា « ការធ្វើតេស្តបាញ់ត្រួតពិនិត្យត្រូវបានធ្វើឡើងក្នុងគោលបំណងជ្រើសរើសត្រួតពិនិត្យមីស៊ីលផ្លោងរយៈចម្ងាយមធ្យម Hwasong-12 និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវទាំងមូលនៃប្រព័ន្ធអាវុធនេះ»។ កូរ៉េ ខាង ជើង ធ្លាប់ បាន និយាយ ថា Hwasong-12 អាច ផ្ទុក ក្បាល គ្រាប់ នុយក្លេអ៊ែរ ធុន ធ្ងន់ ខ្នាត ធំ។
KCNA បាននិយាយថា ការបាញ់បង្ហោះមីស៊ីលនេះ គឺធ្វើឡើងក្នុងរបៀបមួយ ដើម្បីធានាសុវត្ថិភាពរបស់ប្រទេសជិតខាង ហើយក្បាលគ្រាប់សាកល្បងត្រូវបានបំពាក់ជាមួយនឹងកាមេរ៉ាដែលថតរូបភាពបាន ខណៈពេលដែលវាស្ថិតនៅក្នុងលំហ។
គួរបញ្ជាក់ថា មេដឹកនាំលោក គីម ជុងអ៊ុន មិនត្រូវបានរាយការណ៍ថា បានចូលរួមការបាញ់សាកល្បងនោះទេ ដែលយ៉ាងហោចណាស់ជាការបាញ់បង្ហោះលើកទីប្រាំពីរនៅក្នុងខែមករា ដែលជាការបាញ់ច្រើនលើកបំផុតមិនធ្លាប់មានសម្រាប់កម្មវិធីមីស៊ីលឈានមុខរបស់កូរ៉េខាងជើង៕
ប្រភព៖ Reuters