រុស្ស៊ី និងអាមេរិក ប៉ះទង្គិចគ្នានៅ​UN ជុំវិញវិបត្តិអ៊ុយក្រែន
អន្តរជាតិ
221

អង្គការសហប្រជាជាតិ៖ មានការប៉ះទង្គិចគ្នាយ៉ាងក្តៅគគុករវាងបេសកជនរុស្ស៊ី និងសហរដ្ឋអាមេរិក នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទទី៣១ខែមករា បន្ទាប់ពីសហរដ្ឋអាមេរិក បានអំពាវនាវឲ្យកោះប្រជុំ ដើម្បីពិភាក្សាអំពីការបង្កើនកងទ័ពរបស់ទីក្រុងមូស្គូនៅតាមព្រំដែន ជាប់ប្រទេសអ៊ុយក្រែន។ នេះបើតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោកស្រី Linda Thomas-Greenfield បាននិយាយថា ការប្រមូលផ្តុំនោះ គឺជាការប្រមូលផ្តុំកងទ័ពធំបំផុតដែលអ៊ឺរ៉ុបមិនធ្លាប់ជួបប្រទះក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ។ ប៉ុន្តែសមភាគី រុស្ស៊ី របស់ លោកស្រី បាន ចោទ អាមេរិក ពី បទ ញុះញង់ ឲ្យ មាន កំហឹង និង ការ ជ្រៀតជ្រែកដែល មិន អាច ទទួល យក បាន នៅ ក្នុង កិច្ចការ រុស្ស៊ី។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក និងអង់គ្លេស បានសន្យាដាក់ទណ្ឌកម្មបន្ថែមទៀត ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន។

នៅ កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃច័ន្ទ ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក វ៉ាស៊ីលី នេបេនហ្ស៊ី (Vasily Nebenzya) បាននិយាយថា មិនមានភស្តុតាងណាមួយដែលបង្ហាញថា រុស្ស៊ីកំពុងរៀបចំផែនការសកម្មភាពយោធាប្រឆាំងនឹងអ៊ុយក្រែននោះទេ ហើយការកសាងកងទ័ពរបស់ខ្លួនមិនត្រូវបានបញ្ជាក់ដោយអង្គការសហប្រជាជាតិឡើយ។

លោក និយាយ ថា ជា ញឹក ញាប់ រុស្ស៊ី បាន ដាក់ ពង្រាយ កងទ័ព នៅ លើ ទឹក ដី របស់ ខ្លួន ហើយ ថា នេះ មិន មែន ជា រឿង របស់ ក្រុង វ៉ាស៊ីនតោន ទេ។ រដ្ឋបាលលោក បៃដិន កំពុង«បង្កើនភាពតានតឹង និងវោហាសាស្ត្រ» ហើយបង្កឲ្យមានការកើនឡើងនៃជម្លោះ។ ទន្ទឹមនោះ លោកស្រី ថូម៉ាស ហ្គ្រីនហ្វីល (Thomas-Greenfield ) បានលើកឡើងថា សហរដ្ឋអាមេរិកនៅតែជឿថា មានដំណោះស្រាយការទូត ប៉ុន្តែបានព្រមានថា សហរដ្ឋអាមេរិកនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ប្រសិនបើរុស្ស៊ីវាយចូលអ៊ុយក្រែន។ លោកស្រីបន្ថែម ថា ទីក្រុងមូស្គូ គ្រោងនឹងបង្កើនកងកម្លាំងរបស់ខ្លួន ដែលដាក់ពង្រាយនៅក្នុងប្រទេសបេឡារុស្ស នៅព្រំដែនភាគខាងជើងប្រទេសអ៊ុយក្រែន ដល់ទៅ៣០,០០០នាក់ ។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Nebenzya ក៏បានសង្កត់ធ្ងន់ថា «នេះមិនមែនគ្រាន់តែជាការជ្រៀតជ្រែក ដែលមិនអាចទទួលយកបាននៅក្នុងកិច្ចការផ្ទៃក្នុងនៃរដ្ឋរបស់យើងប៉ុណ្ណោះទេ សហរដ្ឋអាមេរិក កំពុងតែ ប៉ុនប៉ងបំភាន់សហគមន៍អន្តរជាតិ អំពីស្ថានភាពពិតនៅក្នុងតំបន់ និងហេតុផលសម្រាប់ភាពតានតឹងពិភពលោកនាពេលបច្ចុប្បន្នផងដែរ»។

គួរបញ្ជាក់ថា កាលចុងសប្តាហ៍កន្លងទៅ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានស្នើឱ្យបណ្តាប្រទេសលោកខាងលិច បញ្ឈប់ការញុះញង់ ដោយគ្មានមូលដ្ឋានច្បាស់លាស់ ជុំវិញការដាក់ពង្រាយទាហានរុស្ស៊ីនៅតាមព្រំដែន ដោយសារភាពច្របូកច្របល់នេះ កំពុងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចអ៊ុយក្រែន។

លោក Zelensky បាននិយាយថា«យើងមិនត្រូវការ ការភ័យស្លន់ស្លោនេះទេ» ។ ប៉ុន្តែ វា ហាក់ ដូច ជា វា ស្ថិត ក្នុង ផល ប្រយោជន៍ របស់ លោកខាងលិច ដែល កំពុងប្រើវោហាសាស្រ្ត បំផ្លើស នៃការ គំរាម កំហែងរបស់ រុស្ស៊ី ហើយ ទីក្រុងគៀវ ក៏មិនបានមើលឃើញពី ការគំរាមកំហែងមកលើអ៊ុយក្រែនពីសំណាក់រុស្ស៊ីនោះឡើយ៕

ប្រភព៖  BBC

Telegram