សេអ៊ូល៖ ភរិយារបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោកស្រី រី សូលជូ បានបង្ហាញខ្លួននៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋជាលើកដំបូង ក្នុងរយៈពេលជិតប្រាំខែ កាលពីថ្ងៃពុធ (២កុម្ភៈ)។ នេះបើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២។
ទីភ្នាក់ងារព័ត៌មានផ្លូវការ KCNA បាននិយាយថា គីម និងលោកស្រី រី បានចូលរួមការសម្តែងសិល្បៈមួយនៅឯរោងមហោស្រពសិល្បៈ Mansudae ក្នុងរដ្ឋធានីព្យុងយ៉ាង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
លោកស្រី រី ត្រូវបានគេឃើញជាសាធារណៈចុងក្រោយបំផុតនៅថ្ងៃទី ៩ ខែកញ្ញា នៅពេលដែលលោកស្រីបានចូលរួមជាមួយលោក គីម ក្នុងការទស្សនាវិមាន Kumsusan នៃព្រះអាទិត្យ ដែលជាកន្លែងដាក់សាកសពជីតា និងឪពុករបស់លោក គីម ក្នុងខួបនៃការបង្កើតប្រទេស។
លើសពីនេះ KCNA បានបញ្ជាក់ថា៖«នៅពេលដែលលោក គីម បង្ហាញខ្លួននៅសាលប្រជុំនៃរោងមហោស្រពជាមួយភរិយារបស់លោក ចំពេលកំពុងលេងតន្ត្រីស្វាគមន៍ ទស្សនិកជនបានស្រែកហ៊ោហ៊ោ! បង្ហាញការចាប់ដៃ និងថតរូបជាមួយសិល្បករ។»
លោកស្រី រី ធ្លាប់ទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិ នៅពេលដែលលោកស្រីតែងតែអមដំណើរលោក គីម ក្នុងកម្មវិធីសង្គម អាជីវកម្ម និងសូម្បីតែការចេញក្រៅដើម្បីពិនិត្យសកម្មភាពយោធា។ នេះគឺផ្ទុយពីឪពុករបស់លោក គីម គឺលោកគីម ជុងអ៊ីល ដែលកម្រឃើញមុខជាសាធារណៈជាមួយប្រពន្ធរបស់លោកណាស់។
គួរបញ្ជាក់ថា លោកស្រីបានបាត់ខ្លួនពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋអស់រយៈពេលជាងមួយឆ្នាំ មុនពេលត្រូវបានគេឃើញចូលរួមក្នុងការប្រគំតន្ត្រីកាលពីខែកុម្ភៈឆ្នាំមុន ដែលជំរុញឱ្យមានការភ្ញាក់ផ្អើលអំពីសុខភាព និងលទ្ធភាពដែលថាលោកស្រីមានផ្ទៃពោះ។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូងបានប្រាប់សមាជិកសភាថា ជាក់ស្តែងលោកស្រីបដិសេធពីសកម្មភាពខាងក្រៅដើម្បីការពារការឆ្លងជំងឺកូវីដ ១៩ ។ ភ្នាក់ងារចារកម្មជឿថា លោក គីម និង លោកស្រី រី មានកូនបីនាក់ ប៉ុន្តែមិនសូវត្រូវបានគេដឹងជាសាធារណៈអំពីពួកគេ។
ប្រទេសកូរ៉េខាងជើងមិនបានបញ្ជាក់ពីការផ្ទុះឡើងនៃជំងឺរាតត្បាតសកលកូវីដ ១៩ នោះទេ ប៉ុន្តែបានបិទព្រំដែនរបស់ពួកគេ និងបានអនុវត្តការទប់ស្កាត់យ៉ាងតឹងរ៉ឹង រួមទាំងការរឹតបន្តឹងការធ្វើដំណើរផងដែរ៕
ប្រភព៖ Channel News Asia