ធនាគារ ហត្ថា បង្កើនល្បឿនការវាយតម្លៃអចលនទ្រព្យតាមរយៈការប្រើប្រាស់ Indication Plus Platform របស់ក្រុមហ៊ុន VTrust Appraisal Co., Ltd.
ព័ត៌មានជាតិ
101

គោលបំណងនៃកិច្ចសហការនេះនឹងជំរុញឱ្យវិស័យធនាគារ និងវិស័យអចលនទ្រព្យ អាចបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ជាពិសេសតាមរយៈការដាក់ឱ្យប្រើប្រាស់សេវាវាយតម្លៃអចលនទ្រព្យតាមប្រព័ន្ធឌីជីថល ឱ្យកាន់តែទូលំទូលាយដល់ស្ថាប័នហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាឥណទានដល់អ្នកប្រើប្រាស់បាន ឆាប់រហ័ស ងាយស្រួល និងមានទំនុកចិត្តខ្ពស់ ។ 

ជាក់ស្តែងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ  ក្រុមហ៊ុនហ្សីលាននាម ឯ.ក, ក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សល ឯ.ក និង ធនាគារ ហត្ថាម.ក នៅថ្ងៃនេះ បានសម្រេចបានកិច្ចសហការគ្នា ដើម្បីស្វែរកដំណោះស្រាយថ្មីៗ សំដៅរួមចំណែកពង្រឹងគុណភាពទីផ្សារហិរញ្ញវត្ថុ ក៏ដូចជាបង្កើនភាពទាក់ទាញទីផ្សារអចលនទ្រព្យនៅកម្ពុជា ស្របពេលដែលវិស័យទាំងពីរនេះបានក្លាយជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចនៅកម្ពុជា។

ក្រុមហ៊ុនទាំងបីនេះបានរៀបចំចុះហត្ថលេខាលើកិច្ចសហការ ដាច់ដោយឡែកពីរផ្សេងៗគ្នា ក្នុងពេលតែមួយនាព្រឹកថ្ងៃទី ៣ កុម្ភៈ នៅឯសណ្ឋាគារ Raffles Hotel Le Royal។ ក្នុងនោះក្រុមហ៊ុន Zillennium Co.,Ltd ជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា ដែលមានលោកគុយ វ៉ាត ជាប្រធានក្រុមប្រឹក្សាភិបាល បានសម្រេចចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយ ធនាគារ ហត្ថា ដែលមានលោកឧកញ៉ា ហួត អៀងតុង ជាប្រធានអគ្គនាយក។ ការសម្រេចចុះ MoU នាពេលនេះ ជាការបើកផ្លូវដល់ក្រុមហ៊ុន Zillennium Co., Ltd និង ធនាគារ ហត្ថា ក្នុងការស្វែងរកដំណោះស្រាយថ្មីៗ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការទីផ្សារទាំងក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យអចលនទ្រព្យ។ ការចាប់ដៃគូជាមួយ Zillennium Group បានឆ្លុះបញ្ចាំងពី ការយកចិត្តទុកដាក់កាន់តែជិតរបស់ធនាគាររបស់យើងក្នុងការបម្រើអតិថិជនរបស់យើងទាំងបុគ្គល និងសហគ្រាសធុនតូច និងមធ្យម ដោយប្រើប្រាស់បច្ចេកវិទ្យាធនាគារឌីជីថល ដើម្បីសម្របខ្លួន និងរីកចម្រើននៅក្នុងបរិបទសង្គមថ្មីក្រោយការរីករាលដាលជំងឺរាតត្បាត Covid-19 ។ អតិថិជនរបស់យើងនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីភាពជាដៃគូយុទ្ធសាស្ត្រនេះ។ ជាឧទាហរណ៍ ការវាយតម្លៃការស្នើសុំប្រាក់កម្ចីជាមួយធនាគារ ហត្ថា នឹងមានភាពជឿនលឿន និងរហ័ស ពីព្រោះយើងនឹងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីវាយតម្លៃទ្រព្យហៅថា “indication plus” របស់ក្រុមហ៊ុនVTrust។ ហើយនាពេលអនាគតដ៏ខ្លីខាងមុខនេះ ការទូទាត់សម្រាប់សេវាកម្មអចលនទ្រព្យនឹងកាន់តែមានភាពងាយស្រួល ដោយសារអតិថិជនអាចប្រើប្រាស់ Hattha mobile និង Z1 App របស់យើង នឹងអាចធ្វើការបង់ប្រាក់សម្រាប់សេវាកម្មអចលនទ្រព្យទាំងអស់នៅទូទាំងប្រទេស។ តាមរយៈភាពជាដៃគូនេះ ធនាគារ និងក្រុមហ៊ុន Z1 Group នឹងដាក់ឱ្យដំណើរការ “KHQR” ដែលជាសេវាកម្មឌីជីថលរបស់ធនាគារ ដែលអាចឱ្យអតិថិជនធ្វើការទូទាត់នៅតាមភោជនីយដ្ឋានរបស់ភាគីដូចជាPark Cafe និងPizza Hut។

ទន្ទឹមគ្នានេះ ធនាគារ ហត្ថា និងក្រុមហ៊ុន Vtrust Appraisal Co., Ltd ក៏បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្រ្ដ (service agreement) លើការប្រើប្រាស់ប្រព័ន្ធវាយតម្លៃអចលនទ្រព្យតាមឌីជីថល ផ្លេតហ្វម អ៊ីនឌីខេសិន ផ្លឹស (Indication Plus Platform) ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការឥណទានរបស់ ធនាគារ ហត្ថា ក៏ដូចជារួមចំណែកពង្រឹងគុណភាពទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។

តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារ ហត្ថា អាចប្រើប្រាស់កម្មវីធីវាយតម្លៃអចលនទ្រព្យ ផ្លេតហ្វម អ៊ីនឌីខេសិន ផ្លឹស (Indication Plus Platform) របស់ក្រុមហ៊ុន Vtrust Appraisal Co., Ltd ដើម្បីវាយតម្លៃទ្រព្យរបស់អតិថិជនដែលដាក់ធានា មុននឹងអនុម័តកម្ចី។ ដូច្នេះការប្រើប្រាស់សេវាវាយតម្លៃបានត្រឹមត្រូវ តាមរយៈ Indication Plus Platform អតិថិជនមិនត្រឹមតែទទួលបានទំហំកម្ចីសមស្របតាមតម្លៃទ្រព្យធានាប៉ុណ្ណោះទេ តែថែមទាំងទទួលបានសេវាឥណទានឆាប់រហ័ស ងាយស្រួល និង ប្រកបដោយទំនុកចិត្តខ្ពស់។ 

ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Vtrust Appraisal Co., Ltd លោក វង្ស សុខាល បានថ្លែងនៅក្នុងពិធីចុះហត្ថលេខាថា កិច្ចសហការនេះនឹងជំរុញឱ្យការប្រើប្រាស់សេវាវាយតម្លៃអចលនទ្រព្យកាន់តែទូលំទូលាយ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការសេវាឥណទានដល់ធនាគារ ហត្ថា ដោយសារថា Indication Plus Platform ជាសេវាកម្មវាយតម្លៃអចលនទ្រព្យទំនើបបែបឌីជីថល ដែលអាចវិភាគ និងចេញជារបាយការណ៍វាយតម្លៃអចលនទ្រព្យសង្ខេប និងមានលក្ខណៈពេញលេញដោយស្វ័យប្រវត្តិ ដោយមានការរៀបចំចងជាប្រព័ន្ធរូបមន្តត្រឹមត្រូវដោយអ្នកជំនាញ និងតាមស្តង់ដារវាយតម្លៃអចលនទ្រព្យអន្តរជាតិ។ លោកពន្យល់បន្ថែមថា អ្នកប្រើប្រាស់ទាំងអស់អាចពិនិត្យមើលការវិវឌ្ឍដំណើរការវាយតម្លៃចាប់ពីពេលបានដាក់បញ្ជូនសំណើរ រហូតដល់ចេញជារបាយការណ៍វាយតម្លៃសង្ខេបជាស្ថាពរ។

លោកថ្លែងថា៖ «ពីមុនការវាយតម្លៃអចលនទ្រព្យប្រើរយៈពេលដល់ទៅបីថ្ងៃ ទើបអាចដឹងតម្លៃពីអចលនទ្រព្យនោះ។ ប៉ុន្តែបច្ចុប្បន្នយើងប្រើពេលខ្លីប៉ុណ្ណោះ អាចដឹងពីតម្លៃនៃអចលនទ្រព្យនោះ តាមរយៈការប្រើប្រាស់សេវា Indication Plus Platform ព្រោះផ្លេតហ្វមនេះ អ្នកប្រើប្រាស់អាចចូលទៅប្រើ និងស្នើការវាយតម្លៃអចលនទ្រព្យ បានគ្រប់ពេលវេលា ងាយស្រួល ឆាប់រហ័សប្រកបដោយទំនុកចិត្តខ្ពស់ ព្រមទាំងបានដឹងពីតម្លៃអចលនទ្រព្យគ្រប់ទីកន្លែងនៅទូទាំងប្រទេស។»

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានលើកឡើងថា ការមានសេវាវាយតម្លៃអចលនទ្រព្យប្រកបដោយទំនុកចិត្តខ្ពស់ មានតម្លាភាព និងវិសាលភាពទូលំទូលាយ មានតួនាទីយ៉ាងសំខាន់សម្រាប់ប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ ជាពិសេសសម្រាប់ការស្នើសេវាកម្មកម្ចី។ ដោយសារតែ អ្នកទទួលកម្ចីទាំងអស់ដែលដាក់ទ្រព្យជាវត្ថុធានា នឹងទទួលបានទំហំកម្ចីសមស្របតាមតម្លៃទ្រព្យធានា និងលទ្ធភាពអាចសងត្រទ្បប់វិញ ខណៈស្ថាប័នហិរញ្ញវត្ថុដែលជាអ្នកផ្តល់កម្ចីវិញ អាចធ្វើការវាយតម្លៃពីលទ្ធភាពរបស់អតិថិជនបានត្រឹមត្រូវ និងចៀសវាងហានិភ័យនានា ស្របតាមបទប្បញ្ញត្តិគ្រប់គ្រងហានិភ័យឥណទានដែលបានដាក់ចេញ និងណែនាំដោយធនាគារជាតិនៃកម្ពុជា។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក នៃ ធនាគារ ហត្ថា មានប្រសាសន៍ថា ការសម្រេចកិច្ចសហការ

នៅថ្ងៃនេះ ជាការបោះជំហានទៅមុខកាន់តែប្រសើរឡើងមួយកម្រិតទៀតក្នុងការវាយតម្លៃអចលនទ្រព្យសម្រាប់ការសិក្សាឥណទានដល់អតិថិជនរបស់ធនាគារ ហត្ថា ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់តាមរយៈការទទួលបាននូវទិន្នន័យដ៏ច្បាស់លាស់ និងកាន់តែឆាប់រហ័សពីក្រុមហ៊ុនជំនាញ ដូចជា Indication Plus Platform របស់ក្រុមហ៊ុន Vtrust Appraisal Co., Ltd ។

លោកឧកញ៉ាថ្លែងថា៖ «ធនាគារ ហត្ថា សង្ឃឹមថានឹងទទួលបានផលប្រយោជន៍ច្រើន ពីប្រព័ន្ធវាយតម្លៃទំនើបតាមឌីជីថលនេះ ដូចជាការផ្តល់ឥណទានរបស់យើងនឹងមានភាពលឿនរហ័ស និងមានសុក្រឹត្យភាពជាងមុន។ ខ្ញុំជឿថា កិច្ចសហការនៅថ្ងៃនេះ នឹងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ដើម្បីភាពរីកចម្រើនទាំងអស់គ្នា។»

ធនាគារ ហត្ថា បានវិវឌ្ឍន៍ខ្លួនពីគ្រឹះស្ថានហិរញ្ញវត្ថុ ក្លាយជាធនាគារពាណិជ្ជមួយក្នុងចំណោមធនាគារឈានមុខនៅកម្ពុជា។ រហូតមកដល់បច្ចុប្បន្ន ទ្រព្យសកម្មរបស់ធនាគារ ហត្ថា ម.ក បានកើនដល់ប្រមាណ ២ ពាន់លានដុល្លារ ចាប់តាំងពីស្ថាប័ននេះបានបើកដំណើរការក្នុងអំឡុងឆ្នាំ ១៩៩៤។ ការរីកធំធាត់នេះ បានធ្វើឱ្យ ធនាគារ ហត្ថា ពង្រីកសាខារហូតដល់ ១៧៧ សាខា និងដាក់ដំណើរការម៉ាស៊ីនអេធីអឹមចំនួន ១៣៧ នៅទូទាំងប្រទេសកម្ពុជា ហើយការចុះកិច្ចព្រមព្រមនៅថ្ងៃនេះ នឹងក្លាយជាការរួមចំណែកដ៏សំខាន់ ក៏ដូចជាការបំពេញបន្ថែមភាពរីកចម្រើនវាងស្ថាប័នទាំងបី។

ក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សល ដែលជាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យឈានមុខមួយនៅកម្ពុជា កាលពីខែឧសភា ឆ្នាំ២០២១ ក៏បានសម្រេចចុះ MoU ស្រដៀងគ្នានេះ ជាមួយក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) ដោយភាគីទាំងពីរបានព្រមព្រៀងធ្វើសមាហរណកម្ម កម្មវិធីវាយតម្លៃអចលនទ្រព្យតាម Indication Plus Platform ទៅ ផ្លេតហ្វមនៃឧបករណ៍វាយតម្លៃឥណទានរបស់ក្រុមហ៊ុន CBC៕

--------------------------------------------------------------------------

អំពីក្រុមហ៊ុន ហ្សីលាននាម ឯ.ក (Zillennium Co.,Ltd)

ក្រុមហ៊ុន Zillennium Co.,Ltd ជាបណ្តុំសេវាកម្មទីផ្សារអចលនទ្រព្យដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងដោយក្រុមអ្នកធុរកិច្ចវ័យក្មេង ដែលសុទ្ធសឹងជាអ្នកជំនាញ និងមានបទពិសោធន៍បូកបញ្ចូលគ្នារហូតដល់ទៅ ៩០ ឆ្នាំ ក្នុងវិស័យអចលនទ្រព្យ និងការគ្រប់គ្រងមុខជំនួញទាំងនៅកម្ពុជា និងលើឆាកអន្តរជាតិ។ ក្រុមហ៊ុន Vtrust Appraisal Co., Ltd គឺជាផ្នែកមួយនៃក្រុមហ៊ុន Zillennium Co., Ltd។

អំពីក្រុមហ៊ុន វីត្រាស់ អឹព្រេហ្សល ឯ.ក (Vtrust Appraisal Co., Ltd)

ក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៤ ដែលជាក្រុមហ៊ុនផ្តល់នូវសេវាកម្មទាន់ពេលវេលានិងត្រឹមត្រូវ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈជូនដល់អតិថិជនក្នុងស្រុក និងក្រៅស្រុក រួមមានធនាគារ ក្រុមហ៊ុនឯកជន រូបវន្តបុគ្គល អ្នកធានា រដ្ឋាភិបាល និងភ្នាក់ងារទិញលក់អចលនទ្រព្យ។

យើងគឺជាក្រុមហ៊ុនវាយតម្លៃក្នុងស្រុកដែលឈានមុខគេលើទីផ្សារ និងជាក្រុមហ៊ុនតែមួយគត់ដែលធ្លាប់បានផ្តល់សេវាកម្មវាយតម្លៃជូនដល់ក្រុមហ៊ុនដែលវាយតម្លៃសម្រាប់ត្រៀមចុះបញ្ជីលើទីផ្សារមូលបត្រ។ ក្រុមហ៊ុនរបស់យើងផ្តល់ជូននូវសេវាកម្មវាយតម្លៃអចលនទ្រព្យ វាយតម្លៃអាជីវកម្ម វាយតម្លៃទ្រព្យសកម្ម និងវាយតម្លៃក្រុមហ៊ុនមុនឡើងផ្សារមូលបត្រផងដែរ។

ជាមួយនឹងបទពិសោធន៍នៃការវាយតម្លៃរយៈពេល១៨ ឆ្នាំបានធ្វើឱ្យយើងប្រមូលផ្តុំនូវមូលដ្ឋានទិន្នន័យប្រតិបត្តិការអចលនទ្រព្យយ៉ាងទូលំទូលាយនៅទូទាំងប្រទេសកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនដែលឈានមុខមួយ យើងបានផ្តល់ជូនតម្លៃទីផ្សារយ៉ាងសុក្រឹត្យជាមួយនឹងការអប់រំខ្ពស់ និងស្តង់ដារវាយតម្លៃជ្ជាជីវៈ RICS និង IVS

បច្ចុប្បន្នយើងកំពុងពង្រីកខ្លួនទៅទូទាំងប្រទេស និងកំណែទម្រង់ទៅជាការវាយតម្លៃលើប្រព័ន្ធ Online។ ដើម្បីអភិវឌ្ឍន៏បច្ចេកទេសវាយតម្លៃ ក្រុមអ្នកជំនាញរបស់យើងទាំងអស់ សុទ្ធសឹងតែទទួលបានការបណ្តុះបណ្តាលដោយអ្នកជំនាញនៅបរទេសដូចជា ប្រទេសហូឡង់ អាមេរិក ម៉ាឡេស៊ី ថៃនិងសមាគមវាយតម្លៃអាស៊ាន។

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា គឺជាធនាគារមួយក្នុងចំណោមធនាគារឈានមុខផ្សេងទៀតនៅកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារពាណិជ្ជពី ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២០។ ជាមួយបទពិសោធន៍ក្នុងការបម្រើសេវាហិរញ្ញវត្ថុទៅកាន់ប្រជាជនកម្ពុជាអស់រយៈពេលជិត ៣០ឆ្នាំ ក្រោយការផ្លាស់ប្តូរមុខមាត់ថ្មីរបស់ខ្លួន ធនាគារ ហត្ថា បានកែលម្អ និងដាក់ឱ្យប្រើប្រាស់បន្ថែមនូវសេវាកម្មហិរញ្ញវត្ថុជាច្រើនផ្សេងទៀតក្នុងនោះមានដូចជា៖ ការធ្វើឱ្យកាន់តែប្រសើរឡើងនូវសេវាធនាគារចល័ត (Hattha Mobile) ដាក់ឱ្យប្រើប្រាស់នូវសេវាផ្ទេរប្រាក់ឆ្លងធនាគារ សេវាឥណទានវិបារូបន៍ សេវាបញ្ញើសន្សំផលច្រើន (HYSA Flexi and HYSA Corporate) និងការត្រៀមខ្លួនក្នុងការផ្តល់ជូនសេវាធនាគារថ្មីៗផ្សេងទៀត បន្ថែមលើសេវាដែលមានស្រាប់ដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាបើកប្រាក់បៀវត្ស និងជាអ្នកណែនាំលក់សេវាធានារ៉ាប់រងផងដែរ ៕ 


Telegram