សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ប្រវែងជាង ៩៣គីឡូម៉ែត្រ នៅខេត្តក្រចេះ
ព័ត៌មានជាតិ
144

ខេត្តក្រចេះ ៖ កំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៩៣,៥៦គីឡូម៉ែត្រ ពីរង្វង់មូលខ្លាស្ទុះ ទៅភូមិរមាត ក្នុងភូមិសាស្ត្រខេត្តក្រចេះ ដែលស្ថាបនាឡើងវិញ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងទឹកប្រាក់ជាង ៣៣ លានដុល្លារអាម៉េរិក ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន(Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៧ មានប្រវែងសរុប ៩៣,៥៦ គីឡូម៉ែត្រ ពីរង្វង់មូលខ្លាស្ទុះស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ (គីឡូម៉ែត្រលេខ ៣៣១+១២៥) ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ (គីឡូម៉ែត្រលេខ ៤២៤+៦៩០)។ កំណាត់ផ្លូវជាតិលេខ៧នេះ ធ្លាប់បានសាងសង់ម្តងរួចហើយ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) កាលពីអំឡុងឆ្នាំ២០០៤ ដល់ ២០០៧ ដោយផ្អែកលើចំនួនចរាចរណ៍ឆ្លងកាត់នៅ មានចំនួនតិចនៅឡើយ ហើយកំណាត់ផ្លូវនេះត្រូវបានសាងសង់លើកកម្រិតគុណភាពឡើងវិញ ដោយក្រាលបេតុងកៅស៊ូ(AC) ដោយផ្អែកលើការសិក្សាជាថ្មី ទាក់ទងនឹងការកើនឡើងនៃចំនួន ចរាចរណ៍ រួមផ្សំជាមួយនឹងកំណើនសេដ្ឋកិច្ចជាតិ សកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ជាដើម។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តថា កំណាត់ផ្លូវជាតិលេខ៧នេះ ត្រូវបានស្ថាបនាដោយក្រាលបេតុងកៅស៊ូAC ដោយក្នុងនោះ កំណាត់ផ្លូវប្រវែង ៣៩,៣៥គីឡូម៉ែត្រ ក្រាលបេតុងកៅស៊ូAC កម្រាស់ ៩សង់ទីម៉ែត្រ និង កំណាត់ផ្លូវប្រវែង ៥៤,២១គីឡូម៉ែត្រ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ។ ទទឹងតួផ្លូវមានប្រវែង ១១ម៉ែត្រ ចែកជា ២គន្លង សម្រាប់រថយន្ដចរាចរណ៍ (១ទៅ ១មក) ដោយ គន្លងនីមួយៗមានទទឹង ៣,៥ម៉ែត្រ និងផ្លូវសម្រាប់ទោចក្រយានយន្ត មាន ២គន្លង (១ទៅ ១មក) គន្លងនីមួយៗមានទទឹង ១,៥០ម៉ែត្រ និងចិញ្ចើមដីក្រហមសងខាងមានទទឹង ០,៥០ម៉ែត្រ។ គម្រោងនេះ បានក្រាលស្រទាប់គ្រឹះទាំងលើ និងក្រោមកម្រាស់សរុប ៤០សង់ទីម៉ែត្រ ជួសជុលស្ពានចំនួន ៨កន្លែង ប្រវែងសរុប ៥៧៧,៣២ម៉ែត្រ (ស្ពានធំ ៣កន្លែង ប្រវែង ៣៦៨,១២ម៉ែត្រ, ស្ពានមធ្យម ៣កន្លែង ប្រវែង១៥០,១២ម៉ែត្រ, ស្ពានខ្លី ២កន្លែង ប្រវែង ៥៩,០៨ម៉ែត្រ) ដាក់លូគ្រប់ប្រភេទចំនួន ១៣៩កន្លែង (លូមូល ៧២កន្លែង លូប្រអប់ ៣កន្លែង និងលូមានគម្រប ៦៤កន្លែង) សាងសង់ប្រឡាយបង្ហូរទឹកនៅសងខាងផ្លូវ ព្រមទាំងការងារ បំពាក់ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ បង្គោលសុវត្ថិភាព និងបង្គោលភ្លើងបំភ្លឺ។ គម្រោងនេះ គឺជាជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាប់ផ្តើមការដ្ឋានសាងសង់កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ និងបញ្ចប់ការសាងសង់នៅអំឡុងខែធ្នូ ឆ្នាំ២០១៨ ប្រើប្រាស់រយៈពេលសាងសង់ចំនួន២៤ខែ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន បានចំណាយថវិកាអស់ ៣៣,៣៧លានដុល្លារអាម៉េរិក។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនគូសបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវដ៏មានសក្តានុពលមួយ តភ្ជាប់ពីរាជធានីភ្នំពេញ ឆ្លងកាត់ ខេត្តសំខាន់ៗ ដូចជា៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងឆ្ពោះទៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ស្ថិតនៅភូមិភាគឦសាននៃប្រទេស ដែលបម្រើឱ្យចរាចរណ៍សម្រាប់សកម្មភាពផ្លាស់ប្ដូរ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍នៅក្នុងប្រទេស។ ជាងនេះទៀត ខ្សែផ្លូវនេះ គឺជាផ្នែកមួយនៃ ផ្លូវអាស៊ានហាយវ៉េយលេខ១១(AH11) ឬរបៀងកណ្តាលរបស់មហាអនុតំបន់មេគង្គ(GMS) ដែល តភ្ជាប់ពីទីក្រុងគុនមីងនៅភាគខាងត្បូងនៃប្រទេសចិន ឆ្លងកាត់ទីក្រុងវៀងច័ន្ទនៃប្រទេសឡាវ កាត់រាជធានីភ្នំពេញ និងឆ្ពោះទៅកំពង់ផែក្រុងព្រះសីហនុនៃប្រទេសកម្ពុជា។ ផ្លូវជាតិលេខ៧ ក៏ជាផ្លូវជាតិដ៏សំខាន់ប្រទាក់ក្រឡាជាមួយនឹងផ្លូវជាតិមួយចំនួនទៀត សម្រាប់ជួយជំរុញការអភិវឌ្ឍ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV DTA) ដើម្បីប្រែក្លាយតំបន់ដាច់ស្រយាល របស់ប្រទេសទាំង៣ ជាពិសេស ខេត្តត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីរបស់កម្ពុជាយើង ទៅជាតំបន់ដែលមានការអភិវឌ្ឍ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្ថែមថា សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ដែលកើតចេញពីចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តក្រចេះ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជាផងដែរ ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅនិងយូរអង្វែង៕ ប្រភព៖ ក្រសួងព័ត៌មាន


Telegram