អន្តរជាតិ៖ សារព័ត៌មាន AFP បានចេញផ្សាយនៅព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា តារាសម្តែងនិងបង្ហាញម៉ូត ដែលឈានមុខគេរបស់ប្រទេសមីយ៉ាន់ម៉ា ដែលបានគាំទ្រការធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារ ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈដែលរបបយោធាបានតាមប្រមាញ់តារាល្បីៗជាង១០០ នាក់ដែលគាំទ្រចលនានេះ។
ប្រទេសនេះត្រូវបានញាំញីដោយការតវ៉ាជារៀងរាល់ថ្ងៃចាប់តាំងពីយោធាបានកាន់កាប់អំណាចនៅថ្ងៃទី ១ ខែកុម្ភៈ ហើយអាជ្ញាធរ បានបើកការបង្ក្រាបបង្ហូរឈាមប្រឆាំងនឹងក្រុមអ្នកប្រឆាំង ដែលមានមនុស្សរាប់រយនាក់ត្រូវបានសម្លាប់និងជាង២៥០០នាក់ ត្រូវបានចាប់ខ្លួន។
លោក Paing Takhon អាយុ២៤ឆ្នាំ ជាតារាម្នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានចូលរួមយ៉ាងសកម្មនៅក្នុងចលនាបាតុកម្មទាំងដោយផ្ទាល់នៅក្នុងការជួបជុំនិងតាមរយៈបណ្តាញសង្គមដ៏ធំរបស់គេ។
តាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា Paing Takhonត្រូវបានគេនាំទៅឃុំឃាំងនៅតំបន់ភាគខាងជើងដាហ្គូននៃទីក្រុងយ៉ាំងហ្គោន នៅម៉ោង៥និង០០ព្រឹក ពីផ្ទះម្តាយរបស់គេ។
យោងតាមការបង្ហោះថ្មីៗនៅលើបណ្តាញសង្គមរបស់គេ ដែលមានអ្នកតាមដានជាងមួយលាននាក់នៅលើហ្វេសប៊ុកនិង Instagram ថា«ខ្ញុំមិនមានសុខភាពល្អអស់រយៈពេលជាច្រើនថ្ងៃមកហើយ។ ខ្ញុំធ្លាប់បន់ស្រន់រាល់ពេលដែលខ្ញុំគោរពបូជាព្រះពុទ្ធដើម្បីសុខភាពល្អនិងទទួលបានសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
លោកបានបង្ហោះនៅលើបណ្តាញសង្គម Instagram កាលពីខែកុម្ភៈថា« ជួយយើងបញ្ឈប់ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ»។
អាជ្ញាធរមីយ៉ាន់ម៉ាបានផ្សព្វផ្សាយបញ្ជីឈ្មោះតារាល្បី ៗ ប្រហែល ១២០ នាក់ដែលចង់ចាប់ខ្លួនរួមមានតារាចំរៀងលីនលីននិងឈិតធូវតារាសម្តែង Phway Phway, Eaindra Kyaw Zin និង Pyay Ti Oo និងតារាម៉ូដែល May Myat Noe៕
ប្រភព៖ AFP