វ៉ាស៊ីនតោន៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ(៧ មេសា)បានព្រមានចិន ប្រឆាំងនឹងអ្វីដែលហ្វីលីពីននិងតៃវ៉ាន់ មើលឃើញថា ជាសកម្មភាពឈ្លានពានកាន់តែខ្លាំងឡើង ដោយរំលឹកដល់រដ្ឋាភិបាលទីក្រុងប៉េកាំង អំពីកាតព្វកិច្ចរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះដៃគូរបស់ខ្លួន។
អ្នកនាំពាក្យក្រសួងការបរទេស លោក Ned Price បានប្រាប់អ្នកយកព័ត៌មានថា « ការវាយប្រហារដោយអាវុធ ប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធនាវាសាធារណៈ ឬយន្តហោះចម្បាំង លើប្រទេសហ្វីលីពីន នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក រួមទាំងនៅសមុទ្រចិនខាងត្បូង នឹងធ្វើឱ្យមានកាតព្វកិច្ចរបស់យើង ក្រោមសន្ធិសញ្ញាការពារជាតិ រវាងសហរដ្ឋអាមេរិកនិងហ្វីលីពីន»។
ដោយសំដៅដល់សាធារណរដ្ឋប្រជាមានិតចិន លោក Price បាននិយាយថា «យើងចែករំលែកក្តីកង្វល់របស់សម្ព័ន្ធមិត្តហ្វីលីពីនរបស់យើង ទាក់ទងនឹងការបន្តការធ្វើសមាហរណកម្មនៃកងជីវពល តាមសមុទ្រPRC នៅក្បែរតំបន់ Whitsun Reef»។
នាវាចិនជាង២០០គ្រឿង ត្រូវបានគេប្រទះឃើញដំបូង នៅថ្ងៃទី៧ ខែមីនា នៅឯតំបន់Whitsun Reef ដែលមានចម្ងាយប្រហែល៣២០គីឡូម៉ែត្រភាគខាងលិចនៃកោះ Palawan ក្នុងសមុទ្រចិនខាងត្បូង ទោះបីជាមានជម្លោះជាច្រើនបានពង្រាយពាសពេញប្រជុំកោះSpratly Islands ក៏ដោយ។
ប្រទេសចិនដែលអះអាងថា ស្ទើរតែទាំងស្រុងនៃសមុទ្រដែលសំបូរទៅដោយធនធាន បានបដិសេធ ការអំពាវនាវជាច្រើនសប្តាហ៍របស់ប្រទេសហ្វីលីពីនជុំវិញការឲ្យដកនាវាទាំងនោះ ដែលក្រុងម៉ានីលនិយាយថា បានចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួនដោយខុសច្បាប់។
ភាពតានតឹងក៏បានកើនឡើងផងដែរ ជាមួយកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងអះអាងថា ជាផ្នែកមួយនៃប្រទេសចិន កាលពីថ្ងៃពុធបានរាយការណ៍ថា យន្តហោះចម្បាំងចំនួន១៥គ្រឿងទៀតរបស់ចិនដីគោក បានហោះឆ្លងកាត់តំបន់ការពារដែនអាកាសរបស់កោះនេះ។
ប្រធានាធិបតី លោក ចូ បៃដិន បានប្តេជ្ញាការពាររឹងមាំដល់សម្ព័ន្ធមិត្ត ហើយនៅក្នុងចំណុចដ៏កម្រមួយ នៃការបន្តជាមួយលោក ដូ ណាល់ត្រាំ ដែលជាអ្នកកាន់តំណែងមុនរបស់លោកបានគាំទ្រយ៉ាងខ្លាំងប្រឆាំងនឹងការអះអាងរបស់ចិន៕
ប្រភព៖ Channel News Asia ប្រែសម្រួល៖ ណារិន