មេធាវី របស់លោកជំទាវ ហ៊ុន ស៊ីណាត ចេញលិខិតបដិសេធ ក្រោយបុគ្គលម្នាក់យកឈ្មោះលោកជំទាវ ទៅប្រមូលយកដីនៅស្រុកស្រីស្នំ ស្រុកវ៉ារិន ខេត្តសៀមរាប និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ថាយកទៅធ្វើជាដីសម្បទានសង្គមកិច្ចជូនដល់លោកជំទាវ
ព័ត៌មានជាតិ
122

រាជធានីភ្នំពេញ ៖ ក្រុមមេធាវី អេជ អេន អេស ចេញលិខិតបដិសេធ លេខ ០៤៤៧/២០២២ របស់មេធាវី ហង្ស ផារ៉ាឌី ចេញថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ដោយ មេធាវី ហង្ស ផារ៉ាឌី អត្តលេខ៖ ២១៥៨ ជាសមាជិកគណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកនៃ ក្រុមមេធាវី អេជ អេន អេស ដែលមានការិយាល័យស្ថិតនៅ ផ្ទះលេខ៧៤ ផ្លូវលេខ ៥៦៦ ភូមិ៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាមេធាវីតំណាងដោយអាណត្តិ និងជាមេធាវី ការពារសិទ្ធិជូន លោកជំទាវ ហ៊ុន ស៊ីណាត ។

សូមជម្រាប មក សាធារណជនជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកស្រីស្នំ ស្រុកវ៉ារិន ខេត្តសៀមរាប និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ទាំងអស់មេត្តាជ្រាបថា៖ ក្នុងអំឡុង ខែសីហា ឆ្នាំ២០២២ នេះមានជនខិលខូចឈ្មោះ ហាយ ណាំហេង មានតួនាទីជាប្រធានអង្គភាពដើមលាភ និង បក្សពួក បានធ្វើសកម្មភាពរំលោភយកដីរបស់ប្រជាពលរដ្ឋ ដែលកំពុងកាន់កាប់អាស្រ័យផល តាមព្រំប្រទល់ ស្រុកស្រីស្នំ ស្រុកវ៉ារិន ខេត្តសៀមរាប និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលមានផ្ទៃដីសរុប ៦.៣៥០ ហិចតា ហើយឈ្មោះនេះ និងបក្ខពួក បានធ្វើការអះអាងនៅចំពោះមុខអាជ្ញាធរ រួមទាំងប្រជាពលរដ្ឋថា៖ «ខ្លួន និងបក្ខពួក ប្រមូលយកដីទាំងនោះ យកទៅធ្វើជាដីសម្បទានសង្គមកិច្ច ជូនដល់ លោកជំទាវ ហ៊ុន ស៊ីណាត » ។

ពាក់ព័ន្ធនឹងខ្លឹមសារខាងលើនេះមេធាវី ហង្ស ផារ៉ាឌី សូមបញ្ជាក់ជូនថា រាល់សកម្មភាព និងខ្លឹមសារខាងលើ ដែលធ្វើឡើងដោយឈ្មោះ ហាយ ណាំហេង និងបក្សពួក គឺពុំមានពាក់ព័ន្ធនឹង លោកជំទាវ ហ៊ុន ស៊ីណាត ទេ គឺជននេះ និងបក្សពួកប្រឌិតឡើងក្នុងចេតនាទុច្ចរិត ដើម្បីធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ និងឆ្លៀត ឱកាសទាញយកផលប្រយោជន៍ពីប្រជាពលរដ្ឋ ដើម្បីបម្រើប្រយោជន៍ឲ្យបក្សពួកខ្លួនតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត លោកជំទាវ ហ៊ុន ស៊ីណាត ពុំដែលធ្លាប់ស្គាល់ ឬមានទំនាក់ទំនងអ្វីជាមួយ នឹងបុគ្គលខាងលើនេះទាល់តែសោះ។

ដូចនេះ ដើម្បីជៀសវាងកុំឲ្យជននេះនៅតែបន្តសកម្មភាពយកឈ្មោះ លោកជំទាវ ហ៊ុន ស៊ីណាត ទៅប្រើប្រាស់ទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនក្នុងចេតនាទុច្ចរិតណាមួយនោះ នាងខ្ញុំជាមេធាវីតំណាងដោយ អាណត្តិ និងជាមេធាវីការពារសិទ្ធិជូន លោកជំទាវ ហ៊ុន ស៊ីណាត សូមធ្វើការបដិសេធនូវរាល់សកម្មភាព និងរាល់ខ្លឹមសាររបស់ឈ្មោះ ហាយ ណាំហេង និងបក្សពួកចោលទាំងស្រុង។

ក្នុងនោះ មេធាវី ហង្ស ផារ៉ាឌី របស់លោកជំទាវហ៊ុន ស៊ីណាត ក៏បានស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ស្ថាប័ន និងគ្រប់ជាន់ថ្នាក់ មានចំណាត់ការផ្លូវច្បាប់ភ្លាមៗ ទៅលើជនខិលខូចខាងលើនេះ។ អាស្រ័យដូចបានគោរព និងជម្រាបជូនខាងលើ សូមសាធារណជន ជាពិសេសបងប្អូនប្រជាពល រដ្ឋរស់នៅស្រុកស្រុកស្រីស្នំ ស្រុកវ៉ារិន ខេត្តសៀមរាប និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យទាំងអស់ ទទួល ជ្រាបជាព័ត៌មាន និងទទួលនូវការ គោរពរាប់អាន យ៉ាងជ្រាលជ្រៅពី មេធាវី ហង្ស ផារ៉ាឌី ៕


Telegram