រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធសាលាខេត្តព្រះសីហនុ។
យោងតាមដីកាស្តីពីការតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធសាលាខេត្តព្រះសីហនុ ចំនួន១៦រូប មាននាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ ប្រធានអង្គភាព និងប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។
លោក ទិត្យ ប៊ុនធឿន តំណាងឱ្យមន្រ្តីរាជការ សាលាខេត្ត ដែលទើបប្រកាសតែងតាំង បានធ្វើការបេ្តជ្ញាចិត្តដូចខាងក្រោម៖
១-ប្តេជ្ញាស្មោះត្រង់ចំពោះជាតិ មាតុភូមិ លើកកម្ពស់ស្មារតីខិតខំប្រឹងប្រែងយកអស់កំលាំងកាយចិត្ត ប្រាជ្ញា ស្មារតី បំរើសេវាសារធារណៈជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល ប្រកបដោយឆន្ទៈម្ចាស់ការ ភក្តីភាព សិលធម៌ និងមនសិការវិជ្ជាជីវៈខ្ពស់ ស្របតាមគោលនយោបាយកំណែទម្រង់សាធារណៈរបស់រាជរដ្ឋាភិបាល
២-ប្ដេជ្ញាសហការដឹកនាំអនុវត្តកម្មវិធី និងគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមទាំងគោលការណ៍ដឹកនាំរបស់រដ្ឋបាលខេត្ត ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន
៣-ប្តេជ្ញាខិតខំអនុវត្តរាល់ផែនការ និងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តឱ្យមានប្រសិទ្ធភាព
៤-ប្តេជ្ញាសិក្សាស្រាវជ្រាវក្របខណ្ឌច្បាប់ បទដ្ឋានគតិយុត្តិ និងបច្ចេកវិទ្យានវានុវត្តន៍ស្របតាមបច្ចេកវិទ្យាជំនាន់៤.០ និងចំណេះដឹងផ្សេងៗទៀតឱ្យកាន់តែមានភាពរីកចំរើន
៥-ប្តេជ្ញាប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវក្រម សីលធម៌ វិជ្ជាជីវៈមន្ត្រីរាជការស្របតាមលក្ខន្តិកៈដោយឡែកមន្ត្រីរាជការស៊ីវិលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
៦-ប្តេជ្ញារក្សាទំនាក់ទំនងល្អ សាមគ្គីភាពផ្ទៃក្នុងរវាងជួរថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទ និងមន្ទីរ និងអង្គភាពជំនាញនានាក្នុងខេត្ត។
ជាមួយគ្នានេះ ខ្ញុំបាទ/យើងខ្ញុំសូមគោរព អាធ្យាស្រ័យ អភ័យទោសចំពោះថ្នាក់ដឹកនាំគ្រប់ឋានានុក្រមនៃរដ្ឋបាលខេត្ត ក្នុងករណីកន្លងមក ខ្ញុំបាទ/យើងខ្ញុំបានអនុវត្តតួនាទី ភារកិច្ច មានកំហុសឆ្គងខ្លះក្នុងមុខតំណែង។ មួយវិញទៀត ខ្ញុំបាទ/យើងខ្ញុំក៏សូមអាធ្យាស្រ័យ អភ័យទោសចំពោះមន្ត្រីក្រោមឱវាទ ដែលខ្ញុំបាទ/យើងខ្ញុំមានទង្វើ និងពាក្យសំដីខ្លះ ដែលប្រើប្រាស់មិនបានសមរម្យតាមក្រមសីលធម៌ វិជ្ជាជីវៈនាពេលកន្លងមក។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថាមន្ត្រីរាជការដែលទទួលបានការតែងតាំងនេះត្រូវបានវាយតម្លៃមន្ត្រីថាមានសមត្ថភាពក្នុងការដឹកនាំបំពេញតួនាទីប្រកបដោយគុណភាព និងមានបទពិសោធន៍ដឹកនាំ។ ការប្រកាស តំណែងមន្ត្រីរបស់យើងដើម្បីឆ្លើយតបតាមតម្រូវការបំពេញបន្ថែមតាមរចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាល ដោយបានវាយតម្លៃអំពីសកម្មភាពការងារ គុណតម្លៃការងារក្នុងបរិបទកូវីដ-១៩ និងការងារចុះមូលដ្ឋានជាដើម។ ម្យ៉ាងទៀតមន្ត្រីដែលមិនទាន់បានប្រកាសតែងតាំង និងតំឡើងឋានន្តរស័ក្តិ យើងនឹងបន្តពិនិត្យវាយតម្លៃបន្ថែមទៀតនៅពេលខាងមុខ។
ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ ប្រធានអង្គភាព និងប្រធាន អនុប្រធានការិយាល័យដែលទើបទទួលបានការតែងតាំងថ្មី ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមតួនាទី ភារកិច្ច ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។ ត្រូវបំពេញការងារបំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យមានតម្លាភាព ប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀត និងត្រូវប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ៕ សំណាង