អន្តរជាតិ៖ សារព័ត៌មាន The Irrawaddy បានចេញផ្សាយនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា របបយោធាមីយ៉ាន់ម៉ា តាមសេចក្តីរាយការណ៍ បានប្រើកាំភ្លើងត្បាល់ទម្លាក់គ្រាប់បែក ទៅលើក្រុមបាតុករប្រឆាំងនឹងរបបនេះ នៅក្នុងតំបន់ចំនួន ៣ ក្នុងក្រុងBago កាលពីព្រឹកថ្ងៃសុក្រម្សិលមិញ។ ការវាយឆ្មក់នៅពេលព្រឹកព្រលឹមបានផ្តោតសំខាន់ទៅលើកន្លែងប្រមូលផ្តុំសំខាន់ៗរបស់ក្រុមអ្នកតវ៉ា ។
យោងតាមប្រជាពលរដ្ឋបានរាយការណ៍ ថា មានមនុស្សជាង ២០នាក់ ត្រូវបានសម្លាប់និងជាច្រើននាក់ទៀតបានរងរបួសក្នុងអំឡុងការវាយប្រហារនេះ។ មនុស្សជាច្រើនត្រូវបានចាប់ខ្លួន។
កម្លាំងរបស់របបនេះបានបើកការបាញ់ប្រហារដោយប្រើអាវុធស្វ័យប្រវត្ដិ នៅក្នុងការវាយឆ្មក់មួយដែលគោលដៅលើការបិទផ្លូវ ដោយបាវខ្សាច់ដែលក្រុមបាតុករប្រឆាំងរបបនេះ។
អ្នកស្រុកបាននិយាយថា កម្លាំងរបស់របបនេះបានវាយឆ្មក់តំបន់ចំនួន ៣ គឺ Shinsawpu, Hmawkan និង Nantawyar ជាកន្លែងដែលបាតុកម្មប្រឆាំងនឹងរបបនេះត្រូវបានធ្វើឡើងជារៀងរាល់ថ្ងៃ។
ប្រជាពលរដ្ឋ បាននិយាយថា ពួកគេបានលឺសូរ អំពីការផ្ទុះគ្រាប់រំសេវធុនធ្ងន់ចំនួន ៥ គ្រាប់ ក្នុងកំឡុងពេលវាយប្រហាររបស់របបនេះ។
ក្រុមអង្គការសង្គមស៊ីវិលមួយបាននិយាយថា គ្មានក្រុមជួយសង្គ្រោះណាមួយ ហ៊ានចូលទៅក្នុងតំបន់នោះ ដើម្បីទៅយកសាកសពឬ ការព្យាបាលដល់អ្នករងរបួសទាំងនោះ នោះទេ។
កាលពីថ្ងៃពុធ កងកម្លាំងយោធា បានប្រើគ្រាប់រំសេវផ្ទុះ(គ្រាប់បែក)និងគ្រាប់កាំភ្លើងផ្ទាល់ អំឡុងការវាយឆ្មក់ពេលព្រលឹមដើម្បីយករបាំងបិទផ្លូវនៅតំបន់កាលីនៃក្រុងSagaing ខណៈក្រុមអ្នកតវ៉ាប្រឆាំងនឹងរបបនេះកំពុងតតាំងនឹងកាំភ្លើងច្នៃក្នុងផ្ទះកាំភ្លើងហ្គាសនិងកាំភ្លើងបាញ់។
យោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បាននិយាយថា គិតត្រឹមថ្ងៃព្រហស្បតិ៍មនុស្សប្រហែល ៦១៤ នាក់ត្រូវបានសម្លាប់ ដោយកងកម្លាំងរបស់របបយោធា ក្នុងអំឡុងពេលនៃការវាយប្រហាររបស់ពួកគេទៅលើក្រុមបាតុករប្រឆាំងនឹងរបបនេះ។ ចំនួនអ្នកស្លាប់នោះរាប់បញ្ចូលទាំងអ្នកឈរមើលនិងអ្នកស្រុករួមទាំងកុមារផង ដែលត្រូវបានបាញ់សម្លាប់ ដោយកម្លាំងសន្តិសុខ។
ជាមួយគ្នានេះដែរមនុស្សជាង ២,៨០០នាក់ រួមទាំងមេដឹកនាំជាប់ឆ្នោត សមាជិកសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ គណៈកម្មការរៀបចំការបោះឆ្នោត សិល្បករ អ្នកនិពន្ធ អ្នកកាសែត អ្នកតវ៉ា និងជនស៊ីវិលត្រូវបានចាប់ខ្លួន។
មនុស្សរាប់ពាន់នាក់នៅទូទាំងប្រទេសមីយ៉ាន់ម៉ានៅតែបន្តធ្វើដំណើរតាមដងផ្លូវដើម្បីបង្ហាញពីការប្រឆាំងនឹងរបបយោធារបស់ពួកគេ៕ ប្រភព៖ The Irrawaddy ប្រែសម្រួល៖ ណារិន