អន្តរជាតិ៖ សារព័ត៌មាន Channel News Asia បានចេញកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា សន្តិសុខម្នាក់បានរងរបួសនៅក្នុងការផ្ទុះគ្រាប់បែកមួយ នៅខាងក្រៅធនាគារគ្រប់គ្រងដោយយោធា នៅក្នុងទីក្រុងធំទី ២ របស់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យ (ព្រឹកថ្ងៃទី ១១ ខែមេសា) ខណៈចំនួនជនស៊ីវិល ដែលបានស្លាប់ដោយសារការបង្ក្រាបដ៏ឃោរឃៅរបស់យោធា ទៅលើក្រុមប្រឆាំងបានកើនឡើងដល់ជាង ៧០០ នាក់នៅចុងសប្តាហ៍នេះ។
ប្រទេសនេះស្ថិតក្នុងភាពច្របូកច្របល់ចាប់តាំងពីយោធា បានទម្លាក់មេដឹកនាំស៊ីវិលលោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី ១ ខែកុម្ភៈ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា សាខាធំបំផុតរបស់ធនាគារ Myawaddy នៅទីក្រុង Mandalay ត្រូវបានគេកំណត់គោលដៅកាលពីព្រឹកថ្ងៃអាទិត្យ ហើយសន្តិសុខម្នាក់បានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់ បែកនេះ។ មានការបង្ហូរឈាមយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
កាលពីថ្ងៃសៅរ៍ក្រុមឃ្លាំមើលក្នុងតំបន់បាននិយាយថា កងកម្លាំងសន្តិសុខបានបាញ់សម្លាប់ ក្រុមបាតុករប្រឆាំងនឹងរដ្ឋប្រហារ ចំនួន ៨២ នាក់កាលពីថ្ងៃមុននៅក្នុងទីក្រុងហ្គោន ដែលស្ថិតនៅចម្ងាយ ៦៥ គីឡូម៉ែត្រ នៃទីក្រុងយ៉ាំងហ្គោន។
រូបភាពដែលបានបញ្ជាក់ដោយទីភ្នាក់ងារសារព័ត៌មាន AFP កាលពីព្រឹកថ្ងៃសុក្របានបង្ហាញថា ក្រុមអ្នកតវ៉ាបានលាក់ខ្លួននៅពីក្រោយរបាំងពោងខ្សាច់ ។
ការិយាល័យអង្គការសហប្រជាជាតិក្នុងប្រទេសមីយ៉ាន់ម៉ា បានធ្វីតធឺនៅល្ងាចថ្ងៃសៅរ៍នេះថា ខ្លួនកំពុងតាមដានការបង្ហូរឈាមនៅទីក្រុងបាហ្គោ ជាកន្លែងដែលខ្លួននិយាយថា ការព្យាបាលវេជ្ជសាស្ត្រត្រូវបានបដិសេធចំពោះអ្នករងរបួស។
ជារួមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយបានផ្ទៀងផ្ទាត់ ការស្លាប់របស់ជនស៊ីវិលចំនួន ៧០១ នាក់ចាប់តាំងពីរដ្ឋប្រហារ។ យោងតាមអ្នកនាំពាក្យម្នាក់កាលពីថ្ងៃសុក្រ បានឲ្យដឹងថា របបយោធាមានចំនួនទាបជាងនេះគឺ ២៤៨ នាក់៕ ប្រភព៖ Channel News Asia