កំពង់ស្ពឺ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបង្ហោះ៖ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាគប់កញ្ចក់រថយន្ដអ្នកដំណើរតាមដងផ្លូវ ធ្វើឲ្យពលរដ្ឋភិតភ័យ ហើយរត់គេចខ្លួន ពេលនេះត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង ធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបានហើយ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សេង ឆេង ត្រូវបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌធ្វើការចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ពាក់ព័ន្ធករណីគប់កញ្ចក់រថយន្តកម្មសិទ្ធិរបស់ឈ្មោះ លឹម ម៉េង ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិវល្លិសរ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៣ ពាក់ស្លាកលេខ ភ្នំពេញ 1AM-3290 នៅចំណុចមុខផ្ទះរបស់ឈ្មោះ សេង ឆេង ភេទប្រុស អាយុ២៦ឆ្នាំ រួចគេចខ្លួន កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ។
ក្រោយការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកដុំថ្មគប់ទៅលើរថយន្តរបស់ជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕



