រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បញ្ជាដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌ បានឃាត់ខ្លួនមនុស្សចំនួន៣នាក់ ពាក់ព័ន្ធករណីធ្វើឲ្យឆាបឆេះភោជនីយដ្ឋាន «កន្លែងថ្មី» (ដោយការផ្សារដែកក្នុងហាងធ្វេសប្រហែលបណ្តាលធ្លាក់កំទេចធូបផ្សារឆាបឆេះហាង) មានទីតាំងផ្ទះលេខ៨៨-៩០ ផ្លូវលេខ១៣៨ កែងផ្លូវលេខ២៣៣ ភូមិ២ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្តាលឲ្យមនុស្សស្លាប់ចំនួន៣នាក់ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១០និង៣០នាទីព្រឹក ។ នេះបើយោងតាមផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានឃាត់ខ្លួននេះ រួមមាន ៖
១-ឈ្មោះ អុន វ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេជាងផ្សារដែក ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលេខ២១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។
២-ឈ្មោះ អុន ចាន់វ៉ូ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលេខ២១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។
៣-ឈ្មោះ សុខ ក្រិត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលេខ២១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។
ក្នុងនោះ វត្ថុតាងចាប់យករួមមាន ៖ -ម៉ូតូសណ្ដោងរ៉ឺម៉កកង់បីចំនួន១គ្រឿង , ប៉ុស្ត៍សម្រាប់ផ្សារដែកមួយគ្រឿង , ខ្សែប៉ុស្ត៍ផ្សារដែកមួយខ្សែ (ចាប់យកពីជនសង្ស័យឈ្មោះ អុន វ៉ាន់ ជាមេជាផ្សារ និងម៉ាស៊ីនក្បាលកាម៉េរ៉ាសុវត្ថិភាព (DVR) សម្រាប់ផ្ទុករូបភាពវីដេអូ ដែលបំពាក់នៅនឹងហាងកើតហេតុ (ទទួលពីឈ្មោះ មាស តុលា ជាបុគ្គលិកគិតលុយហាងកន្លែងថ្មី) ។
ពេលនេះ ជនសង្ស័យទាំង៣នាក់ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
.jpg?1675664792)

.jpg?1675664793)


.jpg?1675664796)

