ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានទិន្នផលអំបិលធម្មជាតិសរុបចំនួន ១៦៨ ៨៨២ តោន លើផ្ទៃដីស្រែអំបិលចំនួន ៣ ៩៨៧.៣៥ហិកតា ។ ជាមួយគ្នានេះ ក្នុងឆ្នាំ២០២៤ កម្ពុជាបានលក់អំបិលចេញទៅក្រៅប្រទេសចំនួន ៧៤ ១៨៥ តោន។ ទិន្នផលអំបិលឆ្នាំ២០២៤ កើនឡើងទ្វេដង ធៀបនឹងទិន្នផលអំបិលឆ្នាំ២០២៣ ដោយសារកត្តាអាកាសធាតុអំណោយផលសម្រាប់ការផលិតអំបិល។
យោងតាមរបាយការណ៍ ស្តីពីលទ្ធផល ការងារឆ្នាំ២០២៤ និង ទិសដៅការងារ ឆ្នាំ២០២៥ នៃក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា បច្ចុប្បន្នក្រុមផលិតអំបិលមានចំនួន ១៩១ក្រុម។ លទ្ធផលនៃ ការផលិតក្នុងនោះ ខេត្តកំពតផលិតបាន ១២៨ ៤៧៤តោន និងខេត្តកែប ផលិតបាន ៤០ ៤០៨តោន។
ទន្ទឹមនេះផលិតផលអំបិលនាំ ចេញ ក្នុងឆ្នាំនេះ បានចំនួន ៧៤ ១៨៥តោន ពីសិប្បកម្មចំនួន ៣២មូលដ្ឋាន ក្នុងចំណោម ៥៤មូលដ្ឋាន ដែលទទួលបាន អាជ្ញាបណ្ណ ប្រើប្រាស់ស្លាកសញ្ញាជាតិសម្គាល់អំបិលដែលបានបញ្ចូលអ៊ីយ៉ូដ។
ខណៈដែលក្នុងឆ្នាំ២០២៤ កន្លងមកនេះ ពុំមានតម្រូវការនាំចូលអំបិលពីបរទេសទេ។
ដើម្បីសម្រួលដល់ចង្វាក់ផលិតកម្មឱ្យដំណើរការបានល្អ ក្នុងឆ្នាំ២០២៤ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំកិច្ចប្រជុំ ជាមួយ ផលិតករអំបិល និងសហគ្រាសមានសក្តានុពលនៅក្នុង ខេត្តកំពត ខេត្តកែប ដើម្បីដោះស្រាយបញ្ហាប្រឈម និងការចុះពិនិត្យផ្ទៃដីស្រែអំបិល និងផលិតកម្ម អំបិល និងរៀបចំលិខិតទៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បី សម្រប សម្រួល ក្នុងការធ្វើបច្ចុប្បន្នភាព និងកំណត់អត្តសញ្ញាណប្រភេទ ដី ស្រែអំបិល នៅខេត្តកំពត និងខេត្តកែបឱ្យបានច្បាស់លាស់។
ជាមួយគ្នានោះ ក្រសួងក៏បានដាក់បញ្ចូលអាជ្ញាបណ្ណប្រើប្រាស់ស្លាក សញ្ញាជាតិ សម្គាល់អំបិល បញ្ចូលជាតិអ៊ីយ៉ូដ ទៅក្នុងកម្រងកម្រៃសេវាសាធារណៈរបស់ ក្រសួង ផងដែរ៕


