កីឡាការិនីអត្តពលកម្មកម្ពុជា និងកីឡាការិនីឆ្នើមប្រចាំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាត្រូវបានចាត់ទុកជាវីរភាពដ៏អស្ចារ្យ និងជាបេក្ខភាពដំបូងគេ ក្នុងការជ្រើសរើសសម្រាប់ការឆ្លាក់រូបសំណាក់ទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ នៃវិមាន ឈ្នះ ឈ្នះ ដែលស្ថិតនៅទល់មុនពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលបានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្នាក់ការ NOCC។
ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា «ឥឡូវនេះ គម្រោងចម្លាក់រូបសំណាកអត្តពលិកឆ្នើមៗនៅវិមានឈ្នះ ឈ្នះ គឺស្ថិតក្នុងនីតិវិធីរៀបចំនៅឡើយទេ។ ប៉ុន្តែនៅក្នុងនោះវីរភាពលេចធ្លោជាងគេ គឺកីឡាការិនីអត្តពលកម្ម ប៊ូ សំណាង ហើយបន្ថែមពីលើនេះយើងនឹងជ្រើសរើសម្ចាស់ជ័យលាភីមេដាយមាសស៊ីហ្គេម ដែលលេចធ្លោជាងគេ និងមេដាយមាសច្រើនជាងគេ។ ដូច្នេះជាដំបូង យើងមានកីឡាការិនី ប៊ូ សំណាង និងកីឡាការិនី ប៉ាល់ ឆរស្ម៊ី ដែលដណ្តើមបានពានរង្វាន់ឆ្នើមប្រចាំព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ក្នុងពិធីបិទជាផ្លូវការ។
«ចំពោះអត្តពលិកឆ្នើមៗបន្ថែមទៀត យើងកំពុងជ្រើសរើស ដោយកំពុងធ្វើការជាមួយក្រសួងការពារជាតិ ក្នុងការឆ្លាក់រូបសំណាកពួកគាត់នៅលើផ្ទាំងវិមានឈ្នះ ឈ្នះ ដើម្បីចារឹកទុកជាប្រវត្តិសាស្ត្រ។ បញ្ហាឆ្លាក់រូបសំណាកអត្តពលិកឆ្នើមៗនៅវិមានឈ្នះ ឈ្នះ គឺទទួលបានការអនុញ្ញាតិពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ រួចហើយ កាលពីពេលបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេម កន្លងទៅ។ ចំពោះការកំណត់ចំនួនអត្តពលិកថាប៉ុន្មាននាក់ ដែលត្រូវឆ្លាក់លើផ្ទាំងនៃវិមានឈ្នះ ឈ្នះ មិនទាន់ដឹងនៅឡើយទេ ដោយសារតែយើងត្រូវសិក្សាមើលលើទំហំដែលនៅសល់ រួមទាំងការសិក្សាលើរូបមេដាយផ្សេងៗទៀត»។ ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែម។
ឆ្លើយនឹងសំនួរ ដែលសួរថាតើ ថ្នាក់ដឹកនាំនឹងអាចត្រូវឆ្លាក់រូបសំណាកលើផ្ទាំងសិលាដែរឬទេ ឯកឧត្តម វ៉ាត់ ចំរើន បានពន្យល់ថា នៅក្នុងកីឡា គេយកតែវីរភាពរបស់កីឡាករ កីឡាការិនីជាធំប៉ុណ្ណោះ។
គួរបញ្ជាក់ថា កីឡាការិនី ប៊ូ សំណាង ដែលចូលរួមរត់ប្រណាំងក្នុងប្រភេទកីឡាអត្តពលកម្ម នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលបានប្រារព្ធធ្វើឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។ កីឡាការិនី ប៊ូ សំណាង មិនទទួលបានមេដាយទេ ក្នុងការប្រកួតប្រជែងនេះ ប៉ុន្តែ ប៊ូ សំណាងបានបង្ហាញពីការតស៊ូរត់ប្រណាំងក្រោមដំណក់ទឹកភ្លៀងយ៉ាងជោគជាំ ដែលបានឆក់យកបេះដូងអ្នកគាំទ្រនៅជុំវិញពិភពលោក តាមរយៈការផ្សព្វផ្សាយយ៉ាងល្បីល្បាញពីប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិយ៉ាងល្បីល្បាញ។ ចំពោះកីឡាការិនីវ៉ូវីណាម ប៉ាល់ ឆរស្ម៊ី គឺជាអត្តពលិកឆ្នើមរបស់កម្ពុជា ដែលដណ្តើមបានមេដាយច្រើនជាងគេ រហូតដល់៦គ្រឿង គឺមេដាយមាស៤គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ១គ្រឿង។ ប៉ាល់ ឆរស្ម៊ី ទទួលបានពានរង្វាន់អត្តពលិកឆ្នើមប្រចាំព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងក្លាផងដែរ។
បង្ហាញចំណាប់អារម្មណ៍ដោយផ្ទាល់ប្រាប់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣នេះ កីឡាការិនីឆ្នើម ប៉ាល់ ឆរស្ម៊ី គូសបញ្ជាក់ថា «ខ្ញុំពិតជាមិនបានដឹងព័ត៌មាននេះ ពីមុនមកទេ ប៉ុន្តែពេលទទួលបានដំណឹងនេះភ្លាម នាងខ្ញុំរាងអាក់បន្តិចដែរ ដោយសារតែរំភើបចិត្តខ្លាំង។ មិននឹកស្មានថា នេះជាឱកាសល្អសម្រាប់ខ្លួនឯងនោះទេ។ នាងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំទាំងអស់ ដែលបានផ្តល់មហាកិត្តិយសដ៏ធំធេងសម្រាប់កីឡាករ កីឡាការិនីនានា ដូចជារូបនាងខ្ញុំជាដើម។ នេះជាកិត្តិយស ដែលការខិតខំហ្វឹកហាត់ និងការដណ្តើមមេដាយជូនជាតិ ហើយពេលទទួលមកវិញនូវការលើកតម្លៃពីជាតិ។ ការលះបង់របស់យើងខ្ញុំជាអត្តពលិកពិតជាមានប្រយោជន៍ធំធេង ហើយតែងតែងទទួលបានកិត្តិសយធំធេងជាបន្តបន្ទាប់»។
បន្ថែមពីលើនេះ កីឡាការិនី ប៉ាល់ ឆរស្ម៊ី បានលើកឡើងទៀតថា ម្យ៉ាងទៀត នៅពេលដែលថ្នាក់ដឹកនាំបានលើកកម្កើងគុណតម្លៃរបស់កីឡាករ កីឡាការិនី ដែលតែងតែខិតខំស្វែងរកស្នាដៃជូនជាតិ ម្ចាស់មេដាយមាសកីឡាវ៉ូវីណាមជម្រើសជាតិរូបនេះគោរពកោតសរសើរខ្លាំងណាស់ ហើយនេះជាគំរូមួយសម្រាប់អត្តពលិកកម្ពុជាជំនាន់ក្រោយៗកាន់តែមានកម្លាំងចិត្ត ខិតខំប្រឹងប្រែង ដើម្បីកិត្យានុភាពជាតិជាបន្តបន្ទាប់ទៀត៕ ប្រភព៖ ក្រសួងព័ត៍មាន AKP