សេចក្តីសម្រេចស្តីពីការបិទ និងដកហូតលិខិតអនុញ្ញាតចំនួន២កន្លែង បន្ទប់ពិគ្រោះព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់ក សៀរហឺ និងបន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅ ហែម ចាន់យុទ្ធី រាជធានីភ្នំពេញ។ សកម្មភាពចុះបិទនេះ ធ្វេីឡេីងបន្ទាប់ពីក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល រួមជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលរាជធានីភ្នំពេញ បានចុះពិនិត្យបន្ទប់ពិគ្រោះព្យាបាលជំងឺទាំងពីរទីតាំង កាលពីថ្ងៃទី០៧ និងទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយមិនគោរពលក្ខខណ្ឌបច្ចេកទេស មិនគោរពកិច្ចសន្យាធានាអះអាងពេលពេលស្នេីសុំបេីកបន្ទប់ពិគ្រោះព្យាបាលជំងឺ។
ការចេញនូវបទបញ្ជានេះគឺដើម្បីពង្រឹងវិស័យសុខាភិបាលទាំងក្នុងក្របខណ្ឌរដ្ឋ និងឯកជន សំដៅលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ទាំងនេះគឺជាការគិតគូររបស់ឯកឧត្តមរដ្ឋមន្រ្តី ដែលមានបទពិសោធន៍ច្រើនក្នុងវិស័យសុខាភិបាល ក៏ដូចជាកិច្ចគាំពារសុខភាពសាធារណៈ និងក្រោមការចង្អុលបង្ហាញរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែគិតគូរចំពោះសុខុមាលភាពប្រជាពលរដ្ឋគ្រប់ពេលវេលា និងផ្ដល់ការណែនាំដាស់តឿនដល់អង្គភាពប្រតិបត្តិការសុខាភិបាលឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។
នៅចំពោះមុខនឹងការណែនាំនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់អគ្គនាយកដ្ឋាន នាយកដ្ឋាន អង្គភាព និងមន្ត្រីរាជការដែលចំណុះក្រសួងសុខាភិបាល មានមន្ទីរសុខាភិបាល ២៥រាជធានី-ខេត្ត សូមអនុវត្តតាមបទបញ្ជានេះឱ្យបានម៉ឺងម៉ាត់ ដើម្បីចូលរួមចំណែកក្នុងការពង្រឹងវិស័យសុខាភិបាលជាតិ និងត្រូវតាមដានត្រួតពិនិត្យការអនុវត្តនៅតាមមន្ទីរពេទ្យ មន្ទីរសម្រាកព្យាបាល ក៏ដូចជាអង្គភាពឯកជន ដែលប្រតិបត្តិការលើការផ្ដល់សេវាសុខាភិបាល ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពបំផុត មិនអាចលើកលែងចំពោះអង្គភាពណា ឬមន្ត្រីណា ឬបុគ្គលិកសុខាភិបាលណា ដែលប្រព្រឹត្តខុសនឹងនីតិវិធីច្បាប់បច្ចេកទេស វិជ្ជាជីវៈ ក្រមសីលធម៌នោះឡើយ។ ប្រភព៖ ទទក ទូរទស្សន៍ជាតិកម្ពុជា