ខ្លោងទ្វារតាកាវ កំពុងបញ្ចេញមន្តស្នេហ៍ឆក់យកបេះដូងទេសចរឱ្យចង់ទៅគយគន់
ព័ត៌មានជាតិ
215

ខេត្តសៀមរាប ៖ យោងតាមការចេញផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា តាកាវ គឺជាឈ្មោះខ្លោងទ្វារមួយស្ថិតនៅទិសខាងលិចរបស់ក្រុងអង្គរធំ ក្នុងចំណោមខ្លោងទ្វារចំនួន៤ផ្សេងទៀត ដែលកំពុងទាក់ទាញឱ្យភ្ញៀវទេសចរជាច្រើនទៅទស្សនា និងថតយករូបអនុស្សាវរីយ៍ស្ទើរតែជារៀងរាល់ថ្ងៃ។

ខ្លោងទ្វារតាកាវ បានបញ្ចេញសម្រស់រឹតតែស្រស់ស្អាត និងទាក់ទាញ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ធ្វើការជុសជុលឱ្យរួចផុតពីភាពទ្រុឌទ្រោមរួចមក។

ប្រធានភ្នាក់ងារទេសចរណ៍ដែលប្រចាំការនៅខ្លោងទ្វារតាកាវ លោក លៀស គឹមលេខ មានប្រសាសន៍ថា ជារៀងរាល់ថ្ងៃ ភ្ញៀវទេសចរតែងទៅទស្សនាខ្លោងទ្វារនេះ ហើយបានដក់ចិត្តជាមួយនិងការថតរូបមិនចេះណាយ ដោយសារតែខ្លោងទ្វារតាកាវមានកំពូលព្រហ្មមុខ៤ញញឹមស្វាគមន៍ ដោយមានកសិន្ធុទឹកព័ទ្ធជុំវិញ មានដើមឈើតូចធំដុះផ្តុំគ្នាបង្កើតជាទេសភាពដ៏ទាក់ទាញយ៉ាងល្អឯក។

លោក គឹមលេខ ឱ្យដឹងទៀតថា នៅខ្លោងទ្វារតាកាវ មានលក្ខណៈពិសេសម្យ៉ាងទៀត គឺនៅពេលព្រះអាទិត្យរៀបលិច មានពន្លឺចាំងពីលិច រំលេចចេញទៅជាពណ៌មាសក្រាលគ្របលើកំពូលសំណង់បុរាណមួយនេះ ដែលបង្កើតទៅជាសម្រស់ដ៏ស្រស់ស្អាតសម្រាប់ទេសចរឱ្យមកទស្សនា ព្រមទាំងថតរូបភាពមិនសូវអាក់ខាន។

ដោយសារតែខ្លោងទ្វារតាកាវ កំពុងទាក់ទាញភ្ញៀវទេសចរដូចនេះ ភ្នាក់ងារទេសចរណ៍ដែលប្រចាំការនៅទីនេះ តែងតែជួយសម្របសម្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយរៀបចំដាក់ស្លាកសញ្ញាឱ្យដឹងពីកន្លែងទស្សនា និងកន្លែងគ្រោះថ្នាក់ជាដើម។ ជាពិសេស សំណូមពរដល់ភ្ញៀវជាតិ និងអន្តរជាតិ កុំឡើងជាន់លើដំបូលនៃស្លាបរបស់តួខ្លោងទ្វារ គោរពតាមស្លាកសញ្ញា និងក្រមប្រតិបត្តិអង្គរ ចៀសវាងមានបញ្ហាប៉ះពាល់ដល់ប្រាសាទ និងគ្រោះថ្នាក់ដោយយថាហេតុផ្សេង៕


Telegram