សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជំរុញវិស័យទេសរណ៍ទាំងផ្លូវគោក និងផ្លូវអាកាសឱ្យមានសម្ទុះខ្លាំងជាងមុន ក្រោយវិបត្តិកូវីដ-១៩កន្លងទៅនេះ។
ក្រៅពីយន្តការមានស្រាប់ សម្ដេចធិបតីបាន ទំនាក់ទំនងជាមួយភាគីថៃ ហ្វីលីពីន និងប្រទេសជាមិត្តមួយចំនួនទៀតដើម្បីបើកជើងហោះហើរត្រង់ពីតំបន់ទេសចរណ៍ប្រទេសនីមួយៗឆ្ពោះមកកម្ពុជា ជាពិសេសតំបន់អច្ឆរិយអង្គរខេត្តសៀមរាប។
នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ នាព្រឹកថ្ងៃទី០៣តុលានេះ នៅខណ្ឌដង្កោ សម្ដេចធិបតី បានឱ្យដឹងថា ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើន សម្ដេចបានស្នើឱ្យភាគីពាក់ព័ន្ធពិនិត្យរកយន្តការណាដែលអាចជួយវិស័យទេសចរណ៍បាន។ សម្ដេចធិបតី បានមានប្រសាសន៍ថា« High Season ពាក់កណ្ដាលខែ១០ដល់ខែ៣ ពេលហ្នឹងបានមនុស្សមកច្រើន ដោយសារស្រុកគេវិស្សមកាល ខ្ញុំឱ្យឯកឧត្តម ថោង ខុន ឯកឧត្តម សុខ សូកេន ពិនិត្យមើលយន្តការភ្លាមៗដើម្បីជួយរឿងនេះ។........ ឧទាហរណ៍ នៅព្រំដែន ខាងថៃចូលមកត្រូវការប៉ាស្ព័រតែយើងសម្រួល ពីមុនយើងធ្លាប់មាន ឥឡូវមិនបាច់ទេ ប្រើអត្តសញ្ញាណបណ្ណចូលមកដល់សៀមរាប សម្រួល»។
បើតាមសម្ដេចធិបតី វិស័យទេសចរណ៍មានការប៉ះពាល់គ្រប់ប្រទេសទាំអស់នៅទូទាំងពិភពលោក។បច្ចុប្បន្នវិស័យនេះទើបនឹងងើបវិញបណ្ដើរៗប៉ុណ្ណោះ ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្លាំងបន្ថែមទៀត៕ ប្រភព៖ ក្រសួងព័ត៍មាន AKP