រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ដល់បងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ចប៉ុស្តិ៍ អាជ្ញាធរ និងកម្លាំងកម្លាំងគណៈបញ្ជាការ ខណៈយុវជនម្នាក់ មិនដឹងជាកើតអ្វីនោះទេ បានឡើងទៅអង្គុយលើបង្គោលភ្លើង ឆ្កឹង តែម្តង ។
ហេតុការណ៍នេះបានកើតឡើង តាំងពីវេលាម៉ោង ៦និង ៣០នាទីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅចំណុចបង្គោលភ្លើង មួយកន្លែង នៅផ្លូវ៦១៦ កែង៦០៨ ភូមិ១៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ រហូតទាល់តែម៉ោងជិត៩ព្រឹក ទើបអាចយកយុវជនខាងលើ ចុះមកក្រោមវិញបាន ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅចំណុចកើតហេតុ បានឲ្យដឹងថា ពួកគាត់មិនដែលឃើញ ឬស្គាល់យុវជនខាងលើនេះនោះទេ មុនពេលកើតហេតុ ស្រាប់តែឃើញឡើងមកអង្គុយលើបង្គោលភ្លើង ដែលកំពុងមានចរន្តខាងលើនេះ ដោយបារម្ភខ្លាចមានគ្រោះថ្នាក់ ក៏ប្រញាប់រាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ។
ភ្លាមៗគេឃើញមានទាំង សមត្ថកិច្ចប៉ុស្តិ៍ អាជ្ញាធរ និងកម្លាំងប្រជាការពារ ជាច្រើននាក់ បានចុះមកដល់ ទាក់ទងទៅខាងអគ្គិសនីឲ្យជួយបិទចរន្តភ្លើងខ្លាចឆក់គ្រោះថ្នាក់ និងបានធ្វើការនិយាយលួងលោមឲ្យយុវជនខាងលើចុះមកក្រោមវិញ ដាក់ជណ្តើរឲ្យចុះទៀតក៏មិនចុះ អស់រយៈពេលជាច្រើនម៉ោង ទាល់តែសមត្ថកិច្ចយករថយន្តដែលមានកន្ត្រកយោង ទើបអាចយកយុវជនខាងលើ យកមកក្រោមវិញបាន និងលើកដាក់លើរថយន្តរបស់កម្លាំងគណៈបញ្ជាការ នាំយកទៅសាកសួរបន្ត ដោយមិនស្គាល់ពីអត្តសញ្ញាណថាមានឈ្មោះអ្វី និងកើតអ្វីឲ្យប្រាកដនោះទេ ៕ អែល វិចិត្រ