រាជធានីភ្នំពេញ ៖ ទីបំផុត សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនបានហើយ ជនដៃដល់ ដែលបានចូលទៅកាប់សម្លាប់អតីតសង្សារដល់ក្នុងផ្ទះ ហូរឈាមពេញកាំជណ្តើរ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង ៣០នាទី នៅភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា បន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីខាងលើប្រតិបត្តិការជាបន្ដបន្ទាប់នេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងបង្ក្រាបដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងអនុសេនីឯក ឆាន់ គឹមលី បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។
ដោយកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង ៣០នាទី មានករណីឃាតកម្មមួយកើតឡើង បង្កដោយជនល្មើស(អតីតសង្សារ)បានធ្វើសកម្មភាពយកកាំបិតបុ័ងតោកាប់សម្លាប់ស្រ្តីខាងលើ បណ្ដាលឱ្យស្លាប់នៅក្នុងផ្ទះ ស្ថិតនៅភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានរ់គេចខ្លួនបាត់។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវនិងកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ។ លុះ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយជំនាញអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងស្នងការដ្ឋានខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យឈ្មោះ លឿង ផល្លី ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ នៅត្រង់ចំណុចភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។
បច្ចុប្បន្នជនសង្ស័យខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យទៅអធិការដ្ឋានដ្ឋាននគរបាលខណ្ឌសែនសុខ ជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមនីតិវិធី ៕