អគ្គិភ័យឆេះផ្ទះមួយខ្នងខ្ទេចគ្មានសល់ អ្នកជិតខាងឃើញភ្លើងឆេះ ទាញទុយោទឹកបាញ់ផ្ទះ រអិលបោកក្បាលស្លាប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យ!
សន្តិសុខសង្គម
117

រាជធានីភ្នំពេញ ៖ ករណីអគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែង បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៩និង១៥នាទីព្រឹក ថ្ងៃទី១៨​ ខែតុលា ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមផេក ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់គោលដៅ​ ដើម្បីចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ ដោយមានទាំងវត្តមានរបស់លោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ លោក អ៊ុក ប៊ូនីន អធិការនគរបាលខណ្ឌមានជ័យ លោកមេប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងទំពុន២ ក៏បានចុះមកដល់ទីតាំងកើតហេតុផងដែរ ។

ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០៦គ្រឿង ប្រើប្រាស់ទឹកអស់០៦​ឡាន ស្មើរនឹង២៤ម៉ែត្រគូប, រថយន្តជំនួយមកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន​ ស្មើរនឹង០៨ម៉ែត្រគូប​,​ រថយន្តរបស់ក្រុមហ៊ុន​ ស្រាបៀរកម្ពុជា​ ចំនួន០១គ្រឿង​ ប្រើប្រាស់ទឹកអស់០១ឡាន​ ស្មើរនឹង​០៦ម៉ែត្រគូប​ និងរថយន្តរបស់ទីក្រុង​នរា​ ចំនួន០១គ្រឿង​ ពុំបានប្រើប្រាស់ទឹក។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់ ផ្ទះឈើលើក្រោមថ្ម ទំហំ (៨ម៉ែត្រ គុណ ១២ម៉ែត្រ) បានឆេះអស់ទាំងស្រុង​ និងពុំបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ជូនបន្ថែមទៀតថា ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានធ្វើការគ្រប់គ្រង់ទាំងស្រុងនៅវេលាម៉ោង ១០និង០០នាទីព្រឹកថ្ងៃខែឆ្នាំដដែល បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ។

សូមបញ្ជាក់បន្ថែមផងដែរ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ឲ្យដឹងថា ទន្ទឹមនឹងហេតុការណ៍នៃការឆាបឆេះនេះបានកើតឡើង អ្នកជិតខាងម្នាក់ ឃើញផ្ទះគេឆេះ ក៏ទាញទុយោទឹក មកបាញ់ជញ្ជាំងផ្ទះរបស់គាត់ ពេលនោះទំនងជារអិលបោកក្បាលខាងក្រោយ គួបផ្សំនឹងជំងឺប្រចាំកាយលើសឈាម និងបេះដូងផងនោះ ក៏បានផុតដង្ហើមពេញបញ្ជូនទៅមន្ទីរពេទ្យ ហើយក៏មានសមត្ថកិច្ចជំនាញផ្នែកកោលស្យវិច័យ ចុះមកធ្វើកោសល្យវិច័យពិនិត្យសពផងដែរ តែទោះបីជាយ៉ាងណា ការឆាបឆេះខាងលើនេះ មិនបានឆេះរាលដាល ឬប៉ះពាល់ដល់ផ្ទះរបស់គាត់នោះឡើយ សូមចូលរួមរំលែកទុក្ខផង ៕


Telegram