អាជ្ញាធរខណ្ឌដង្កោ និងកម្លាំងបញ្ជាការដ្ឋានយោធភូមិភាគពិសេស ចុះត្រៀម និងជួយសង្គ្រោះ ជញ្ជូនអីវ៉ាន់របស់បងប្អូនប្រជាពលរដ្ឋ ដែលជន់លិចដោយជំនន់ស្ទឹងព្រែកត្នោត
សន្តិសុខសង្គម
124

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ អាជ្ញាធរខណ្ឌដង្កោ ដឹកនាដោយលោកស្រី គឹម ញិប អភិបាលខណ្ឌដង្កោ ចៅសង្កាត់ មេភូមិ កម្លាំងអន្តរាគមន៍ពិសេសខណ្ឌដង្កោ ដឹកនាំដោយលោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ អធិការរងជាច្រើនរូប និងកម្លាំងបញ្ជាការដ្ឋានយោធភូមិភាគពិសេស ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ មុំ វិភាព មេបញ្ជាការស្តីទី យោធភូមិភាគពិសេស ចុះត្រៀមនៅគោលដៅងាយរងគ្រោះ និងជួយសង្គ្រោះ ជួយជញ្ជូនអីវ៉ាន់ របស់បងប្អូនប្រជាពលរដ្ឋ ដែលបាននិងកំពុងរងគ្រោះដោយការជន់លិច ដោយជំនន់ស្ទឹងព្រែកត្នោត ខណៈគិតត្រឹមព្រឹកនេះ ទឹកបន្តឡើងសន្សឹមៗ ។

ក្នុងនោះ យោងតាមផេក របស់រដ្ឋបាលសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ បានបង្ហោះទាំងស្រុងថា នៅយប់ថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣

លោក ហង្ស ជុំ ប្រធានគណៈបញ្ជារការឯកភាពសង្កាត់ស្ពានថ្ម បានអញ្ជើញដឹកនាំក្រុមប្រឹក្សាសង្កាត់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ លោកមេភូមិ យុវជនស.ស.យ.ក សង្កាត់ និងប្រជាការពារសង្កាត់ ចុះល្បាតត្រួតពិនិត្យមើលតាមដានស្ថានភាពទឹកស្ទឹងព្រែកត្នោត និងបានណែនាំប្រជាពលរដ្ឋអោយរកទីទួលសុវត្ថិភាព ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយត្រូវរៀបចំទុកសម្ភារៈសំខាន់ៗនៅទីទួលសុវត្ថិភាពឱ្យបានត្រឹមត្រូវ ជាពិសេសមនុស្សចាស់ជរា កុមារតូចៗ ត្រូវប្រញាប់ រួសរាន់ទៅកាន់ទីទួលសុវត្ថិភាពឱ្យបានមុនគេ។

ជាមួយគ្នានេះសូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះ ខ្សែភ្លើងអគ្គិសនីដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។ អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន ។

សូមបញ្ជាក់ផងដែរថា រដ្ឋបាលសង្កាត់ស្ពានថ្ម សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា ដោយមានទឹកភ្លៀងធ្លាក់យ៉ាងច្រើនជាបន្តបន្ទាប់ នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះនៅ ផ្នែកខាងលើ ធ្វើឱ្យកម្រិតកំពស់ទឹកឡើងខ្ពស់។

សូមអំពាវនាវប្រជាពលរដ្ឋរស់នៅជាប់ដងស្ទឹងព្រែកត្នោត ត្រូវបង្កើនការ ប្រុងប្រយ័ត្នខ្ពស់ ពិសេសកូនចៅតូចៗ និងសត្វពាហនៈ ទ្រព្យសម្បត្តិមួយចំនួនទៀតសូមរកទីទួលសុវត្តិភាព អាជ្ញាធរមូលដ្ឋានកំពុងតែត្រៀមលក្ខណៈជួយសង្គ្រោះនិងអន្តរាគមន៍គ្រប់ពេល ខណៈស្ថានភាពទឹកស្ទឹងព្រែកត្នោតពេលនេះបានជន់លិចដល់ផ្ទះប្រជាពលរដ្ឋមួយចំនួនហើយ ។

បើតាមរបាយការណ៍របស់អាជ្ញាធរ បានបង្ហាញពី​ផលប៉ះពាល់ដោយជំនន់ស្ទឹងព្រែកត្នោត នៅ ២សង្កាត់ រួមមាន៖ -សង្កាត់គងនយ ទឹកលិចនៅ ៣ភូមិ ប៉ះពាល់ខ្នងផ្ទះ ចំនួន ២៥ ដែលមានប្រជាពលរដ្ឋ ៣០គ្រួសារ និងមនុស្ស ១៣៩នាក់។ ចំណែក-សង្កាត់ស្ពានថ្ម ទឹកលិច ៤ភូមិ ចំនួនខ្នងផ្ទះ ៣៣ ចំនួនគ្រួសារ ៣៣ និងមនុស្សចំនួន ១៥១នាក់។

តួយ៉ាងនាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះដែរ លោក សន សឿន ចៅសង្កាត់រលួស សមាជិកក្រុមប្រឹក្សាសង្កាត់ លោកវរសេនីយ៍ត្រី ចាប វិណុច នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស និងលោកប្រធានភូមិកណ្តាល ក៏បានអញ្ជើញចុះត្រួតពិនិត្យ និងដោះស្រាយស្ថានភាពទឹកជំនន់ (ទឹកភ្លៀង) ដែលជន់លិចលើផ្លូវបេតុង និងផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន ២៧ខ្នងផ្ទះ ស្មើនឹងចំនួន ៣៧គ្រួសារ ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ នេះបើយោងតាមផេកផ្លូវការរបស់ រដ្ឋបាលសង្កាត់រលួស ។

ចំពោះមុខ អាជ្ញាធរមូលដ្ឋាន បានត្រៀមខ្លួនរួចរាល់ ក្នុងការជម្លៀសពលរដ្ឋ សត្វពាហនៈ និងទ្រព្យសម្បត្តិមួយចំនួនទៅកាន់ទីទួលសុវត្ថិភាព ក្នុងករណីទឹកហក់ឡើងខ្លាំង ៕



Telegram