ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ក្នុងភូមិសាស្រ្តទំនប់៧មករា ខេត្តកណ្តាល
សន្តិសុខសង្គម
112

នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្រ្តីបច្ចេកទេស និងមន្ទីរជំនាញ ចុះត្រួតពិនិត្យស្ថានភាពទឹកតាមបណ្តោយសណ្តស្ទឹងព្រែកត្នោត ជាពិសេសតំបន់ទំនប់ ៧មករា ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងថា ផ្នែកខាងលើទឹកចាប់ផ្តើមស្រកហើយ បណ្តាទ្វារទឹកមួយចំនួនបានបិទទាំងស្រុងដូចជា ទ្វារទឹករបស់អាងទឹកតាសាលបានបិទទាំងស្រុង ហើយចំណុចពាមឃ្លៃទឹកចាប់ផ្តើមស្រក ដោយឡែកទ្វារទឹករលាំងជ្រៃកាលពីវេលាម៉ោង៦ព្រឹក បានទម្លាក់ទ្វារចុះកន្លះម៉ែត្រចំនួនបីទ្វារ រហូតមកដល់ម៉ោង១២នេះ បានទម្លាក់ចុះកន្លះម៉ែត្រ ២ទ្វារបន្ថែមទៀត។

សូមបញ្ជាក់ថា ស្ថានីយពាមឃ្លៃស្ថិតក្នុងឃុំទំព័រមាស ស្រុកសំរោងទង ទ្វារទឹករលាំងជ្រៃស្ថិតក្នុងឃុំកាហែង ស្រុកសំរោងទង និងទំនប់អាងទឹកតាសាល ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើថា បើទោះបីជាទឹកនៅផ្នែកខាងលើចាប់ផ្តើមស្រកចុះ ប៉ុន្តែសូមឱ្យថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីទាំងអស់បន្តបង្កើនការយកចិត្តទុកដាក់ ខណៈទឹកនៅខ្ពស់នៅឡើយ ទឹកនឹងបន្តស្រកចុះបណ្តើរៗ តែក្នុងរយៈពេលនេះត្រូវយកចិត្តទុកដាក់ការពារកុំឱ្យមានការថ្លោះធ្លោយណាមួយ ជាពិសេសមន្ទីរធនធានទឹក និងឧតុនិយមរួមជាមួយអាជ្ញាធរដែនដីត្រូវមានការយកចិត្តទុកដាក់ និងមានស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម ក៏បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសផងដែរថា បន្ទាប់ពីធ្វើការតាមដានស្ថានភាពធាតុអាកាសរយ:ពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សម្ពាធទាបនៅជិតវៀតណាម (ក្នុងសមុទ្រខាងកើតវៀតណាម) បានបម្លែងខ្លួនទៅជាព្យុះត្រូពិកទី ១៦ ដែលមានឈ្មោះថា សានបា(Sanba) ស្ថានភាពបែបនេះនឹងបណ្តាលឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យម នៅស្ទើរទូទាំងប្រទេស ជាពិសេសនៅតំបន់ទំនាបកណ្តាល ភាគត្បូង ភាគខាងលិច និងភាគនិរតី


Telegram