លោកជំទាវ ម៉ែន នារីសោភ័គ៖ ស្ថានភាពសេដ្ឋកិច្ច សង្គម ក្នុងពិភពលោកបច្ចុប្បន្ននេះ បាននិងកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺឆ្លងរាតត្បាតផ្សេងៗ ពីសង្គ្រាម និងជម្លោះនៅតាមតំបន់មួយចំនួន
ព័ត៌មានជាតិ
225

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា មានប្រសាសន៍ថា ស្ថានភាពសេដ្ឋកិច្ច សង្គម ក្នុងពិភពលោកបច្ចុប្បន្ននេះ បាននិងកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺកូវីដ-១៩, ពីជំងឺឆ្លងរាតត្បាតផ្សេងៗ, ពីសង្គ្រាម, និងជម្លោះនៅតាមតំបន់មួយចំនួន ជាក់ស្តែងសង្គ្រាមរវាងរុស្សី-អ៊ុយក្រែន ហើយថ្មីៗបំផុតនេះ ការវាយប្រហាររបស់ក្រុមហាម៉ាស់ មកលើអ៊ីស្រាអែល។ល។

លោកជំទាវ ម៉ែន នារីសោភ័គ មានប្រសាសន៍ ក្នុងឱកាសអញ្ជើញចូលរួមក្នុងទិវាជាតិគ្រប់ គ្រងគ្រោះមហន្តរាយ ១៣ តុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ «វិនិយោគពីថ្នាក់ជាតិ ដើម្បីភាពធន់នៅសហគមន៍ » ដែលរៀបចំឡើងដោយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅសាលាស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ។

ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ថា លើសពីនេះទៅទៀត ការប្រែប្រួលអាកាសធាតុ បានបន្តជះឥទ្ធិពលអវិជ្ជមានដល់បរិស្ថានពិភពលោកទាំងមូល និងបង្កឱ្យមានគ្រោះមហន្តរាយធម្មជាតិ កើតមានកាន់តែញឹកញាប់ជាងមុន កាន់តែរងគ្រោះធ្ងន់ធ្ងរខ្លាំងជាងមុន និងបានធ្វើឱ្យបាត់បង់អាយុជីវិត បង្កវិនាសកម្ម, ខូចខាតទ្រព្យសម្បត្តិ, ខ្ទេចខ្ទាំហេដ្ឋារចនាសម្ព័ន្ធ, ព្រមទាំងបានធ្វើឱ្យសេដ្ឋកិច្ច សង្គម នៅក្នុងប្រទេសជាច្រើន ត្រូវធ្លាក់ទៅក្នុងវិបត្តិ ។ ដោយឡែកនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ក៏មិនខុសពីបណ្តាប្រទេសនៅក្នុងតំបន់ និង នៅលើពិភពលោកដែរ ការប្រែប្រួលអាកាសធាតុ បាននិងកំពុងបង្កឱ្យមានគ្រោះទឹកជំនន់, ខ្យល់ព្យុះ, ខ្យល់កន្ត្រាក់, គ្រោះរាំងស្ងួត, ការបាក់ដី, ការកើនកម្ពស់ទឹកសមុទ្រ, ការកើនកម្ដៅ ។ល។ ដែលបង្កឱ្យខូចខាតទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ និងមានផលប៉ះពាល់ទៅលើព្រៃឈើ ជីវៈចម្រុះ ដំណាំកសិកម្ម ជីវភាពរស់នៅ និង បង្កបញ្ហាដល់សុខភាពសាធារណ របស់ប្រជាជន ។ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងផលប៉ះពាល់ទាំងអស់នេះ រាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍, វិស័យឯកជន, សង្គមស៊ីវិល តែងតែប្រើប្រាស់មធ្យោបាយសរុប, ធនធានសរុប, ជាក់ស្តែងការដោះស្រាយគ្រោះទឹកជំនន់ នៅក្នុងខេត្តបាត់ដំបងនេះជាដើម ។

ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានសម្តែងនូវគារវភក្តី ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែយកទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ដែលមានជីវភាពលំបាក ទីទ័លក្រ និងបងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ។ ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដៃគូអភិវឌ្ឍន៍ សប្បុរសជន ដែលតែងបានឧបត្ថម្ភ គាំទ្រនិងបរិច្ចាគធនធានចូលរួមចំណែកជាមួយ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក្នុងការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្លើយតបជួយដល់ប្រជាជនរងគ្រោះ ដោយគ្រោះមហន្តរាយ រួមមាន៖ គ្រោះទឹកជំនន់, ខ្យល់កន្ត្រាក់, រាំងស្ងួត, រន្ទះបាញ់, ក៏ដូចជាការចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានទាន់ពេលវេលា ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា សម្រាប់ខេត្តបាត់ដំបង ស្ទើរជារៀងរាល់ឆ្នាំ បានរងផលប៉ះពាល់ពីទឹកជំនន់, រាំងស្ងួត, ខ្យល់កន្ត្រាក់, រន្ទះបាញ់, និងគ្រោះមហន្តរាយផ្សេងៗទៀត។ ទោះជាយ៉ាងណា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស្រុក ឃុំ និងសាខា, អនុសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានផ្តល់អាទិភាពខ្ពស់ លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយបានពុះពារគ្រប់ឧបសគ្គ ប្រយុទ្ធលើគ្រប់សមរភូមិ ម្ចាស់ការបានលើគ្រប់ទិដ្ឋភាព និងគ្រប់កាលៈទេសៈ ។

លោកជំទាវ ម៉ែន នារីសោភ័គ បានមានប្រសា សន៍ថា « ការប្រារព្ធទិវាជាតិ រួមជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និង ទិវាអន្តរជាតិសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយ គឺជាការអនុវត្តសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និយាយជារួម និង និយាយដោយឡែក សម្រាប់កាកបាទក្រហមកម្ពុជា គឺជាការអនុវត្តសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញ នៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ»។

លោកជំទាវ បានពាំនាំនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះគណៈអភិបាលខេត្ត, គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង, ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នារៀបចំទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយនេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយ ពីឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយហានិភ័យ, ការត្រៀមបង្ការ, និងការឆ្លើយតបគ្រោះមហន្តរាយ, រួមជាមួយការយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ការយល់ដឹង និងបំផុសការគាំទ្រពីផ្នែកឯកជន, ដៃគូអភិវឌ្ឍ, សង្គមស៊ីវិល, និងប្រជាពលរដ្ឋទូទៅ ចាប់ពីបុគ្គលម្នាក់, គ្រួសារមួយ, សហគមន៍មួយ, ឱ្យចូលរួមកាន់តែសកម្មថែមទៀត ក្នុងការអនុវត្តវិធានការនានា ដែលនឹងកាត់បន្ថយគ្រោះមហន្តរាយ ជួយបញ្ចៀសបាននូវការបាត់បង់អាយុជីវិត, ការខូចខាតទ្រព្យសម្បត្តិ, ព្រមទាំងចូលរួមក្នុងការការពារបរិស្ថាន និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ៕ ប្រភព៖ ក្រសួងព័ត៍មាន​​ AKP 


Telegram